ឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងនគរបាលខេត្តកំពង់ធំ កាន់បិណ្ឌវេន ទី៨ នៅវត្តទេពនិម្មិត ហៅវត្តធម្មយុត្ត
03-10-2026 22:14
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង ដឹកនាំកងកម្លាំងចូលរួមពិធីកាន់បិណ្ឌវេនទី៨ នៅវត្តទេពនិម្មិត ហៅវត្តធម្មយុត្ត ស្ថិតក្នុងភូមិ កំពង់រទេះ សង្កាត់ កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិមិត្តទាំងប្រាំពីរសន្តាន ព្រមទាំងបុព្វបុរសខ្មែរ និងវីរកងទ័ពដែលបានពលីជីវិត។
លោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី បានបូជាផ្កាភ្ញី ទៀន ធូប ថ្វាយចំពោះព្រះរតនត្រ័យ សូត្រមន្ត សមាទានសីល ឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិមិត្តទាំងប្រាំពីរសន្តាន ព្រមទាំងបុព្វបុរសខ្មែរ និងវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ និងទឹកដី នៃកម្ពុជា។ លោកស្នងការ និងលោកស្រី បានប្រគេនទេយ្យទាន និងបច្ច័យមួយចំនួន ជូនព្រះសង្ឃ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រ វិស័យព្រះពុទ្ធសាសនា និងរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងទីវត្តអារាម ឱ្យមានការរីកចម្រើនបន្ថែមទៀត ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកស្រី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន សម្បូរសប្បាយ និងធ្វើដំណើរទៅទីជិតទីឆ្ងាយ ប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា ។
ការចូលរួមកាន់បិណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្ត គឺដើម្បីចូលរួមថែរក្សា អភិរក្ស លើកស្ទួយប្រពៃណី វប្បធម៌ និងព្រះពុទ្ធសាសនា ដែលជាមរតកដ៏មានតម្លៃ
របស់ជាតិខ្មែរ ៕


















