ទឹកចិត្ដអ្នកម្ដាយ! ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នៅតែបន្ដចាត់ក្រុមការងារចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់វីរកងទ័ព សម្រាកព្យាលបាលនៅតាមមន្ទីរពេទ្យ
03-10-2026 21:57
(ភ្នំពេញ)៖ ទុក្ខលំបាករបស់ប្រជាជន គឺជាក្ដីកង្វល់ដែលភ្ជាប់ជាមួយនឹងការយកចិត្ដទុក្ខដាក់មិនរំលងនិងឯកា ពីមាតាមនុស្សមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែនៅជាមួយប្រជាជនគ្រប់រូប និងគ្រប់ពេលវេលា ពិសេសពេលមានទុក្ខលំបាក គ្រោះភ័យ អាសន្ននានា បណ្ដាលមកពីមនុស្ស និងគ្រោះធម្មជាតិក្ដី គឺមិនដែលទុក្ខឱ្យពលរដ្ឋរងាមិនទទួលបានជួយសង្គ្រោះនោះឡើយ ។ទឹកចិត្ដរបស់អ្នកម្ដាយដែលមិនអាចគណនាបាននេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការផ្ដល់ក្ដីសង្ឃឹម ស្នាមញញឹម ភាពកក់ក្ដៅ តាមរយៈការជួយសង្គ្រោះបំពេញនូវការតម្រូវការ ដើម្បីឱ្យប្រជាជនចៀសផុតពីក្ដីលំបាកទាំងពួងរហូតមកដល់បច្ចុប្បន្ន។
ជាក់ស្ដែងវីរកងទ័ពការពារបូរណភាពទឹកដីកម្ពុជាដ៏ស័ក្កសិទ្ធិ គឺទទួលបានការយកចិត្ដទុក្ខរៀងរហូតមក ទោះប្រទេសជាតិមានសុខសន្ដិភាព មិនមានការបៀតបៀនពីប្រទេសជិតខាង ក៏អ្នកម្ដាយរូបនេះ មិនដែលភ្លេចនោះឡើយគឺតែងចុះសួរសុខទុក្ខដោយផ្ទាល់ និងចាត់ឱ្យសហការី ជួយបំពេញនូវភាពខ្វះខាតណាមួយដែលវីរកងទ័ពយើងត្រូវការជាចាំចាច់។ ជាពិសេសក្នុងគ្រាដ៏ឈឺចាប់នេះ ដោយសារឈ្លានពានពីប្រទេសថៃ វីរកងទ័ពដែលបានពលីសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី និងគ្រួសារវីរកងទ័ព និងវីរកងទ័ពដែលរងរបួស គឺត្រូវបានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សួរនាំគិតគូរដោយផ្ទាល់ ទោះបីវីរកងទ័ពយើងមានការគិតគូដិតដល់ពីថ្នាក់ដឹកនាំក៏ដោយ។
សម្រាប់ឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានបន្ដចាត់សហការី ដែលមានលោកស្រី ហួន ចន្ទបូរ៉ា និងក្រុមការងារ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ទៅជូនយោធិនដែលមានបញ្ហាសុខភាព និងរងរបួសក្នុងពេលបំពេញបេសកកម្មនៅសមរភូមិមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
ការចុះសួរសុខទុក្ខដោយផ្ទាល់ និងការនាំយកអំណោយទៅជូន គឺបានផ្តល់ជាកម្លាំងចិត្ត និងលើកទឹកចិត្តដល់យោធិនឱ្យខិតខំព្យាបាលសុខភាព ដើម្បីឆាប់បានជាសះស្បើយ និងវិលត្រឡប់ទៅបំពេញភារកិច្ចជូនជាតិឡើងវិញ៕


















