ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខយោធិនដឹកជញ្ជូននៅសមរភូមិមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
03-10-2026 21:09
(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិខ្មែរ ខណៈដែលប្រជាពលរដ្ឋទូទៅកំពុងជួបជុំគ្រួសារ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចុះសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនយោធិនដឹកជញ្ជូន ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ។
ជាមួយគ្នានេះ លោកក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ជូនដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យសម្តេចតេជោ ស្រអែម ផងដែរ។
ការចុះជួបសំណេះសំណាលនេះ មិនមែនត្រឹមតែជាការនាំយកសម្ភារៈ និងថវិកាមកឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញនូវទឹកចិត្តកក់ក្តៅ និងការយកចិត្តទុកដាក់របស់អង្គភាពទៅដល់កូនចៅដែលកំពុងឈរជើងបំពេញភារកិច្ចឆ្ងាយពីផ្ទះ។
អំណោយជាគ្រឿងឧបភោគបរិភោគ ថវិកាឧបត្ថម្ភ ព្រមទាំងនំអន្សម នំបត់ កាហ្វេ និងភេសជ្ជៈផ្សេងៗ ត្រូវបានចែកជូនដល់ដៃយោធិនទាំងអស់។
ទោះបីជាអំណោយទាំងនេះមិនមែនជារបស់ធំដុំ ប៉ុន្តែវាបានបញ្ជាក់យ៉ាងច្បាស់ថា មិនថាកូនចៅនៅទីណា អង្គភាពនៅតែគិតគូរ និងមិនទុកឱ្យនៅឯកាឡើយ។
សម្រាប់យោធិនដឹកជញ្ជូន ស្នាមញញឹមនៅក្នុងថ្ងៃបុណ្យនេះ គឺជាស្នាមញញឹមរបស់អ្នកដែលយល់ច្បាស់ពីពាក្យថា `ភារកិច្ចមុន សេចក្តីសុខផ្ទាល់ខ្លួនក្រោយ~។
ទោះបីជាត្រូវឆ្ងាយពីគ្រួសារ មិនបានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធ កូន ក៏យោធិននៅតែបន្តកាន់ចង្កូត បំពេញការដឹកជញ្ជូន និងធានាការផ្គត់ផ្គង់ទៅកាន់ជួរមុខ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមិនរាថយចំពោះការលំបាក។ ការដឹកជញ្ជូនមិនមែនគ្រាន់តែជាការងារទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាកម្លាំងរបស់សមរភូមិមុខ។
ស្នាមញញឹមរបស់មេបញ្ជាការ ការចាប់ដៃ ការសួរសុខទុក្ខ និងការចែករំលែករបស់របរតិចតួចនៅថ្ងៃបុណ្យ អាចក្លាយជាកម្លាំងចិត្តដ៏ធំសម្រាប់យោធិនម្នាក់ៗនៅជួរមុខ។ កម្លាំងរបស់កងទ័ពមិនមែនមានតែអាវុធ និងយានយន្តនោះទេ ប៉ុន្តែកម្លាំងដ៏សំខាន់មួយទៀត គឺទឹកចិត្ត សាមគ្គីភាព និងការមិនបោះបង់គ្នារវាងមេ និងកូនចៅ។ នេះជាស្មារតីយោធិន សាមគ្គីភាពយុទ្ធមិត្ត និងមនសិការស្នេហាជាតិ ដែលធ្វើឱ្យកម្លាំងកងទ័ពកាន់តែរឹងមាំ និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញកាតព្វកិច្ចចំពោះជាតិ មាតុភូមិ និងប្រជាជន៕











































