FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះពិនិត្យរដ្ឋបាលភូមិសាស្រ្តក្រុងប៉ោយប៉ែត៦ទីតាំង រកឃើញជនបរទេសជាង៥០នាក់ តែមិនពាក់ព័ន្ធនឹងបទល្មើស Scam Online ទេ

03-10-2026 20:36

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៦ បានចុះអនុវត្តការងាររដ្ឋបាលត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅតាមបណ្តាសង្កាត់នានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចំនួន៦ទីតាំង រកឃើញជនបរទេសចំនួនជាង៥០នាក់ ប៉ុន្តែមិនបានរកឃើញមានជាប់ពាក់ព័ន្ធនឹងបទល្មើស Scam Onlineនោះទេ។

ប្រតិបត្តិនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលដឹកនាំពីលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តនិងមានការដឹកនាំផ្ទាល់ពីលោក គាត ហ៊ុល អភិបាល នៃកណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត បានចុះអនុវត្តការងាររដ្ឋបាលនៅតាមបណ្តាសង្កាត់ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចំនួន ៣ទីតាំង បានរកឃើញជនបរទេសស្នាក់នៅចំនួន ៤៧នាក់ ក្នុងនោះរួមមានជនជាតិបង់ក្លាដែស ៣៦នាក់ ជនជាតិឥណ្ឌូនេស៊ី ៥នាក់ ជនជាតិចិន ៥នាក់ ជនជាតិប៉ាគីស្ថាន១នាក់ ។ ក្នុងចំណោមជនបរទេសទាំងនេះ មានឯកសារត្រឹមត្រូវ ៤៧នាក់ ទីតាំងមិនមានពាក់ព័ន្ធនិងបទល្មើសហ្គេមទេ។

ទីតាំងដែលបានចុះការងាររដ្ឋបាលរួមមាន ១. សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង អនុវត្តបានចំនួន ០២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ១០នាក់ ក្នុងនោះជនជាតិចិន ៥នាក់ ស្រី ០នាក់ ជនជាតិឥណ្ឌូនេស៊ី ៥នាក់ មានឯកសារត្រឹមត្រូវ ទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ។ និងទីតាំងទី២នៅសង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង អនុវត្តបានចំនួន ០១ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៣៧នាក់ រួមមានជនជាតិបង់ក្លាដែស ៣៦នាក់ ជនជាតិប៉ាគីស្ថាន ១នាក់ មានឯកសារត្រឹមត្រូវ ទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ។
ចំណែកនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានចុះអនុវត្តការងាររដ្ឋបាលនៅតាមបណ្តាសង្កាត់ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចំនួន ៣ទីតាំង បានរកឃើញជនបរទេសស្នាក់នៅចំនួន ១១នាក់ (ស្រី ៥នាក់) ក្នុងនោះមានជនជាតិថៃ២នាក់ ស្រី២នាក់ ជនជាតិវៀតណាម ១នាក់ (ស្រី១នាក់) ជនជាតិឥណ្ឌូនេស៊ី ៣នាក់ (ស្រី១នាក់) ជនជាតិចិន ៤នាក់ (ស្រី១នាក់) ជនជាតិម៉ាឡេស៊ី១នាក់ ។ ក្នុងចំណោមជណបរទេសទាំងនេះ មានឯកសារត្រឹមត្រូវ ១០នាក់ ហើយទីតាំងមិនមានពាក់ព័ន្ធនិងបទល្មើសហ្គេមទេ។

ទីតាំងដែលបានចុះការងាររដ្ឋបាលរួមមាន១. សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង អនុវត្តបានចំនួន ០២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៨នាក់ ស្រី ៤នាក់ក្នុងនោះជនជាតិចិន ៣នាក់ ស្រី ១នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់ (ស្រី ១នាក់) ស្រីជនជាតិថៃ ២នាក់ មានឯកសារត្រឹមត្រូវ ទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ។

ទីតាំងទី២នៅសង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង អនុវត្តបានចំនួន ០១ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៣នាក់ ស្រី ១នាក់ ក្នុងនោះជនជាតិចិន ១នាក់ ជនជាតិវៀតណាម ១នាក់ ជនជាតិម៉ាឡេស៊ី ១នាក់ មានឯកសារត្រឹមត្រូវ២នាក់។ ដោយឡែកជនជាតិម៉ាឡេស៊ី ស្នាក់នៅហួសសុពលភាពទិដ្ឋាការ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ៕