FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋខ្មែរ ជឿទុកចិត្តលើរាជរដ្ឋាភិបាល បន្តខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

03-10-2026 19:48

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះឡើងវិញនូវវីដេអូដែលសម្តេចបានថ្លែងទៅកាន់ប្រជាពលរដ្ឋ​ជា​ជនភៀសសឹកនៅខេត្តព្រះវិហារកាលពីថ្ងៃទី៣១ មករា ២០២៦។

សម្តេចមហាបវរធិបតី បានរំលេចសំណេរថា ក្នុងជំនួបពេលនោះ សម្តេចបានជម្រាប​ប្រពលរដ្ឋអំពីវិធានការដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញក្នុងគោលដៅសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែងដើម្បីកុំឱ្យសង្គ្រាមកើតមានឡើងវិញ ក៏ដូចជា​ការ​ស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជា​មួយ​ប្រទេសថៃដោយមិនដាក់ដៃនោះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ រយៈពេល​ប្រមាណ ៨ខែ រាជរដ្ឋាភិបានបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញនាពេលនោះ ទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារសង្គ្រាម។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ជាការពិតណាស់ កិច្ចការមិនទាន់ចប់ទេ​ក្នុងការ​ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែសមិទ្ធផលដែលសម្រេចបា​នក្នុង​រយៈ​ពេលដ៏ខ្លីនេះ អាចបញ្ជាក់ឱ្យប្រជាពលរដ្ឋបានឃើញនូវការប្តេជ្ញាចិត្ត​របស់រាជ​រដ្ឋាភិបាល​ក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន។

សម្តេចមហាបវរធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែល​នៅសេស​សល់ ពាក់ព័ន្ធជាមួយព្រំដែនកម្ពុជា-ថៃដោយការទទួលខុសត្រូវខ្ពស់៕