FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយក្រុមការងារទូរទស្សន៍បារាំង TV5 Monde ស្តីពីកិច្ចសហការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ នៅកម្ពុជា

03-10-2026 16:34

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក លឹម ជ័យទន្ត ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូទូរទស្សន៍បារាំង TV5 Monde ដែលជាដៃគូសហការផ្សព្វផ្សាយផ្លូវការរបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF)។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីការចូលរួមរបស់ TV5 Monde ក្នុងការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ប្រតិភូទូរទស្សន៍ TV5 Monde ដឹកនាំដោយលោក Nicolas RENARD នាយកផ្នែកផលិត បានជួបពិភាក្សាជាមួយសហការីពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងព័ត៌មាន។ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

តាមរយៈការចូលរួមផ្សព្វផ្សាយរបស់ TV5 Monde ភាគីទាំងពីររំពឹងថានឹងអាចឈានទៅដល់ប្រជាជនប្រមាណ ៤០០លាននាក់ នៅទូទាំងតំបន់និយាយភាសាបារាំង និងតំបន់នានាផ្សេងទៀតនៅទូទាំងពិភពលោក។

ការផ្សព្វផ្សាយនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ក៏ដូចជាបង្ហាញពីវប្បធម៌ដ៏ស្រស់បំព្រង និងរូបភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្សព្វផ្សាយសក្តានុពលរបស់ខ្លួនទៅកាន់ពិភពលោក៕