FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: «តើអ្វីបង្ករញ្ជួយដី និងរលកយក្សស៊ូណាមី—ហើយព្រះចន្ទមានឥទ្ធិពលដែរឬទេ?» (Video inside)

03-10-2026 16:26

(ភ្នំពេញ)៖ ក្នុងកម្មវិធី Fresh Exclusive / Cosmo ថ្ងៃនេះ យើងនឹងស្វែងយល់ថា តើអ្វីជាមូលហេតុនៃការរញ្ជួយដី? ហើយតើរញ្ជួយដី អាចបង្ករលកយក្សស៊ូណាមីដោយរបៀបណា? យើងដឹងថា កម្លាំងទំនាញរបស់ព្រះចន្ទ អាចទាញទឹកមហាសមុទ្រ បង្កើតជាទឹកជោរ និងទឹកនាច។

ប៉ុន្តែមានសំណួរមួយគួរឱ្យចាប់អារម្មណ៍៖ បើព្រះចន្ទអាចទាញទឹកមហាសមុទ្របាន តើកម្លាំងទំនាញរបស់វា អាចជំរុញឱ្យផែនដីរញ្ជួយ ឬបង្ករលកយក្សស៊ូណាមីបានដែរឬទេ?

សូមទស្សនាការបកស្រាយតាមបែបវិទ្យាសាស្ត្រ ក្នុងកម្មវិធី Fresh Exclusive / Cosmo ថ្ងៃនេះ៖

យើងដឹងថា កម្លាំងទំនាញរបស់ព្រះចន្ទ អាចទាញទឹកមហាសមុទ្រឱ្យឡើងចុះ បង្កើតជាជំនោរ និងនាច។

ប៉ុន្តែព្រះចន្ទមិនត្រឹមតែទាញទឹកទេ។ កម្លាំងទំនាញរបស់វាក៏មានឥទ្ធិពលលើផ្នែករឹងរបស់ផែនដី ធ្វើឱ្យវាប្រែប្រួលបន្តិចផងដែរ។

ដូច្នេះ មានសំណួរមួយ៖ បើព្រះចន្ទអាចទាញទាំងទឹក និងផ្នែករឹងរបស់ផែនដី តើកម្លាំងទំនាញរបស់វាអាចជំរុញឱ្យមានរញ្ជួយដីដែរឬទេ? ហើយបើរញ្ជួយដីកើតនៅក្រោមបាតសមុទ្រ តើវាអាចបង្ករលកយក្សស៊ូណាមីដែរឬទេ?

ចម្លើយរបស់វិទ្យាសាស្ត្រគឺ៖ ព្រះចន្ទមានឥទ្ធិពលលើផែនដីក៏ពិតមែន ប៉ុន្តែមិនមែនជាមូលហេតុចម្បងនៃរញ្ជួយដីទេ។

មូលហេតុសំខាន់នៃរញ្ជួយដីភាគច្រើន គឺចលនារបស់ បន្ទះសំបកផែនដីតិចតូនិក (tectonic plates) ដែលអាចធ្វើឱ្យសម្ពាធប្រមូលផ្តុំតាម ស្នាមបាក់បែកនៃសំបកផែនដី (fault) ក្នុងរយៈពេលយូរ។ នៅពេលសម្ពាធនោះ យកឈ្នះកម្លាំងកកិត ថ្មនៅតាម fault អាចរអិលភ្លាមៗ និងបញ្ចេញថាមពល បង្កជារញ្ជួយដី។

ចំណែកកម្លាំងទំនាញពីព្រះចន្ទ និងព្រះអាទិត្យ អាចបង្កការប្រែប្រួលសម្ពាធតិចតួចនៅក្នុងសំបកផែនដី ដែលហៅថា សម្ពាធកម្លាំងជំនោរ ឬ tidal stress។ ក្នុងលក្ខខណ្ឌជាក់លាក់ វាអាចពាក់ព័ន្ធនឹងពេលដែល fault ដែលជិតរអិល ស្រាប់ឈានទៅរកការរអិល ប៉ុន្តែឥទ្ធិពលនេះ មិនអាចប្រើដើម្បីទស្សន៍ទាយថា រញ្ជួយដីនឹងកើតនៅទីណា និងពេលណាបានទេ។

*ហេតុអ្វីផែនដីរញ្ជួយ?
ផ្នែករឹងខាងក្រៅរបស់ផែនដី ត្រូវបានបែងចែកជាបន្ទះធំៗ ហៅថា បន្ទះតិចតូនិកនៃផែនដី (tectonic plates) ដែលផ្លាស់ទីយឺតៗជាបន្តបន្ទាប់។

នៅកន្លែងខ្លះ បន្ទះទាំងនេះ អាចជាប់គាំងដោយសារកម្លាំងកកិត ប៉ុន្តែចលនារបស់បន្ទះនៅតែបន្ត។ ដូច្នេះ កម្លាំងសម្ពាធ (stress)—ដែលអាចជាកម្លាំងសង្កត់ ទាញ ឬរុញកាត់—ក៏បន្តប្រមូលផ្តុំក្នុងថ្ម នៅតាមស្នាមបាក់បែក (fault) អស់រយៈពេលរាប់សិប ឬរាប់រយឆ្នាំ។
នៅពេលកម្លាំងដែលប្រមូលផ្តុំនោះខ្លាំង រហូតយកឈ្នះកម្លាំងកកិត, ថ្មនៅតាម fault អាចរអិលភ្លាមៗ ហើយបញ្ចេញថាមពលជារលករញ្ជួយ (seismic waves) រាលដាលឆ្លងកាត់ផែនដី—នោះហើយ គឺជាការរញ្ជួយដី។

*កម្លាំងទំនាញរបស់ព្រះចន្ទ ទាញទាំងទឹក និងផ្នែករឹងរបស់ផែនដី

យើងដឹងថា កម្លាំងទំនាញរបស់ព្រះចន្ទ និងព្រះអាទិត្យ អាចទាញទឹកមហាសមុទ្រឱ្យឡើងចុះ បង្កើតជាទឹកជោរ និងទឹកនាច។

ប៉ុន្តែកម្លាំងទំនាញនេះ មិនមានឥទ្ធិពលតែលើទឹកទេ។ វាក៏អាចធ្វើឱ្យ ផ្នែករឹងរបស់ផែនដីឡើងចុះ ឬប្រែប្រួលទ្រង់ទ្រាយបន្តិចបន្តួច ផងដែរ។ បាតុភូតនេះ គេហៅថា ជំនោរសំបកផែនដី (Earth tides)។

នោះមានន័យថា ទោះបីផែនដីដែលយើងឈរលើ មើលទៅរឹងមាំក៏ដោយ ក៏វា មិនរឹងឥតប្រែប្រួលទាំងស្រុងនោះដែរ។ កម្លាំងទំនាញពីព្រះចន្ទ និងព្រះអាទិត្យ អាចធ្វើឱ្យវាប្រែប្រួលបន្តិចបន្តួច ដែលភ្នែកមនុស្សមិនអាចមើលឃើញដោយផ្ទាល់ឡើយ។

*តើព្រះចន្ទអាចបង្កការរញ្ជួយដីទេ?
វិទ្យាសាស្ត្រ មិនអាចនិយាយថា «ព្រះចន្ទបង្កការរញ្ជួយដី» បានទេ។ មូលហេតុចម្បងនៃរញ្ជួយដី គឺចលនារបស់បន្ទះតិចតូនិក ដែលធ្វើឱ្យកម្លាំងប្រមូលផ្តុំក្នុងថ្មនៅតាមស្នាមបាក់បែក (fault)។

ប៉ុន្តែការសិក្សាខ្លះបានរកឃើញថា កម្លាំងពីជំនោរ (tidal stress) ដែលបង្កឡើងដោយកម្លាំងទំនាញរបស់ព្រះចន្ទ និងព្រះអាទិត្យ អាចមានឥទ្ធិពលតិចតួចលើស្នាមបែកបាក់ fault មួយចំនួន ដែលស្ថិតជិតដល់ចំណុចរអិលស្រាប់។

សូមគិតពី ទឹកមួយកែវដែលពេញជិតមាត់របស់វា។ កម្លាំងដែលកើតពីចលនារបស់បន្ទះតិចតូនិក ប្រៀបដូចជាទឹកដែលត្រូវបានចាក់ចូលកែវបន្តិចម្តងៗ អស់រយៈពេលរាប់សិប ឬរាប់រយឆ្នាំ។

ចំណែក កម្លាំងពីសម្ពាធជំនោរ (tidal stress) បើមានឥទ្ធិពល អាចប្រៀបដូចជា ដំណក់ទឹកតូចចុងក្រោយ ដែលជួយឱ្យទឹកក្នុងកែវដែលពេញជិតមាត់ស្រាប់ បានហៀរចេញ។

ដូច្នេះ ព្រះចន្ទមិនមែនជាមូលហេតុចម្បងនៃរញ្ជួយដីទេ។ ក្នុងលក្ខខណ្ឌជាក់លាក់ វាអាចគ្រាន់តែជាកត្តាជំរុញតូចមួយ ដែលអាចពាក់ព័ន្ធនឹងពេលវេលាដែលស្នាមបែកបាក់ fault ដែលជិតរអិលស្រាប់ ឈានទៅរកការរអិល។

*ពីរញ្ជួយដីទៅរលកយក្ខស៊ូណាមី
បើរញ្ជួយដីដ៏ខ្លាំងមួយកើតឡើងក្រោមសមុទ្រ ហើយធ្វើឱ្យបាតសមុទ្រ លើកឡើង ឬស្រុតចុះភ្លាមៗ វាអាចរុញច្រានទឹកសមុទ្រក្នុងបរិមាណដ៏ធំ និងបង្កើតជារលកយក្ខស៊ូណាមី។

ដំណើរការនេះអាចសង្ខេបបានថា៖ ចលនាបន្ទះតិចតូនិក → នាំទៅរកការរញ្ជួយដី → បាតសមុទ្របង្កើតរលកលើកឡើង ឬស្រុតចុះភ្លាមៗ → រុញច្រានទឹកសមុទ្រក្នុងបរិមាណដ៏ធំ → នាំទៅបង្ករលកយក្សស៊ូណាមី។

ប៉ុន្តែ មិនមែនគ្រប់រញ្ជួយដីដែលកើតក្រោមសមុទ្រ សុទ្ធតែបង្កស៊ូណាមីនោះទេ។ ជាទូទៅ វាត្រូវការរញ្ជួយដីដែលមានកម្លាំងគ្រប់គ្រាន់ និងបណ្តាលឱ្យបាតសមុទ្រផ្លាស់ទីឡើង ឬចុះយ៉ាងឆាប់រហ័ស ដើម្បីរុញច្រានទឹកក្នុងបរិមាណធំ។

ចំណែក កម្លាំងទំនាញរបស់ព្រះចន្ទ គ្រាន់តែបង្កទឹកជោរ និងទឹកនាច (tides) ប៉ុន្តែព្រះចន្ទ មិនមែនជាមូលហេតុផ្ទាល់ នៃការបង្ករលកយក្សស៊ូណាមីទេ។

សេចក្តីសន្និដ្ឋាន៖
ព្រះចន្ទ និងផែនដី មានទំនាក់ទំនងជិតស្និទ្ធតាមរយៈកម្លាំងទំនាញ។ ព្រះចន្ទអាចទាញទឹកមហាសមុទ្រ បង្កើតជាទឹកជោរ និងទឹកនាច ហើយកម្លាំងទំនាញរបស់វា ក៏អាចធ្វើឱ្យផ្នែករឹងរបស់ផែនដីប្រែប្រួលតិចតួចផងដែរ។

ប៉ុន្តែ មូលហេតុចម្បងនៃរញ្ជួយដី មិនមែនមកពីកម្លាំងស្រូបរបស់ព្រះចន្ទទេ។ ចលនារបស់បន្ទះតិចតូនិកនៃផែនដី ធ្វើឱ្យកម្លាំងប្រមូលផ្តុំក្នុងថ្មនៅតាមស្នាមបាក់បែក (fault)។ នៅពេលកម្លាំងនេះ យកឈ្នះលើកម្លាំងកកិត ដែលពេលនោះ ថ្មអាចរអិលភ្លាមៗ និងបញ្ចេញថាមពល បង្កជាការរញ្ជួយដី។

ដូច្នេះ ចំណុចសំខាន់ដែលគួរចងចាំគឺ៖ «ព្រះចន្ទអាចទាញទាំងទឹក និងផ្នែករឹងរបស់ផែនដីក៏ពិតមែន ប៉ុន្តែចលនាបន្ទះតិចតូនិកទេ ទើបជាមូលហេតុចម្បងដែលនាំទៅរកការរញ្ជួយដីនោះ»៕