FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកស្រីអ្នកឧកញ៉ា សុខ សុភាព អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៧ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត និងឧទ្ទិសកុសលដល់វីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ

03-10-2026 16:16

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រីអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន Champion Group ព្រមទាំងក្រុមគ្រួសារ និងបុគ្គលិកក្រុមហ៊ុន Champion Group បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី៧ ប្រកបដោយសទ្ធាជ្រះថ្លា នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីកាន់បិណ្ឌទី៧នេះ មានការនិមន្តចូលរួមពីព្រះសង្ឃសរុបចំនួន ៧៣អង្គ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្ននេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកស្រី និងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រគេននូវទេយ្យទាន និងបច្ច័យជាច្រើនសន្ធឹកសន្ធាប់ដល់ព្រះសង្ឃគ្រប់អង្គ និងសម្រាប់កសាងវត្តអារាម។

នៅក្នុងឱកាសនោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកស្រី និងក្រុមគ្រួសារ អញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ និងបច្ច័យបួនចំពោះព្រះគ្រូចៅអធិការវត្ត និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតិកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។

ទេយ្យវត្ថុសម្រាប់ប្រគេនព្រះសង្ឃ ,ចង្ហាន់ប្រគេនព្រះសង្ឃរួមមាន ៖ ស្លាដក៩ ,អង្ករ ១តោន ,ត្រីខ ១០ កេស ,មីជាតិ ២០ កេស ,ទឹកសុទ្ធ ១០ កេស ,តែសុខភាព ម៉ីកុងលាំង (២៤កំប៉ុង) ៦០ កេស ,តែសុខភាព ម៉ីកុងលាំង (១២ កំប៉ុង) ៨០ កេស ,ថវិកាប្រគេនព្រះសង្ឃ ៧៣ អង្គ។ឯកឧត្តមបណ្ឌិតនិង លោកជំទាវអ្នកឧកញ៉ា ក៏បានជូនថវិកាយាយជី តាជី និងថវិកាសាងសង់សរុបចំនួន ១៩,៦០០,០០០រៀល ។

ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕