បណ្ឌិត ហេង សំណាង ជំរុញសាមគ្គីភាពក្រុមការងារគណបក្ស ដើម្បីជ័យជម្នះក្នុងការបោះឆ្នោតឃុំទួលគ្រើល
03-10-2026 16:13
(កំពង់ធំ)៖ បណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក បានសង្កត់ធ្ងន់ថា សមាជិកគណបក្សទាំងអស់ត្រូវរក្សាសាមគ្គីភាពគ្នាឲ្យបានរឹងមាំល្អ ដើម្បីទទួលបានប្រៀបឈ្នះនៅពេលបោះឆ្នោតខាងមុខ។ ការថ្លែងនេះធ្វើឡើងក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំទួលគ្រើល សម្រាប់អាណត្តិទី៦ ឆ្នាំ ២០២៧ ដែលប្រព្រឹត្តទៅនៅឃុំទួលគ្រើល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។
លោកបណ្ឌិត ហេង សំណាង បានលើកឡើងថា ការរក្សាសាមគ្គីភាពដ៏រឹងមាំពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារគណបក្ស ក្នុងការសម្រេចបាននូវលទ្ធផលល្អ និងជ័យជម្នះដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានឡើយ។ លោកបានបន្តថា គោលបំណងរបស់យើងគឺតែមួយ មានន័យថាយើងជិះទូកតែមួយ ក្រោមដំបូលតែមួយ ដូច្នេះរាល់បញ្ហាណាមួយកើតឡើង ត្រូវតែរួមគ្នាគិត រួមគ្នាដោះស្រាយ ជៀសវាងការស្តីបន្ទោសគ្នាទៅវិញទៅមក ពិសេសក្រុមការងារគណបក្សមូលដ្ឋានដែលទាមទារឲ្យមានការលើកទឹកចិត្តបន្ថែមទៀត។
ជាចុងក្រោយ បណ្ឌិត ហេង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ដោយមានការទទួលខុសត្រូវខ្ពស់។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ៕






























