FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នករាយការណ៍ពិសេស UN អំពាវនាវឱ្យពលរដ្ឋភៀសសឹកកម្ពុជាអាចវិលទៅផ្ទះវិញ​ អនុលោមតាមច្បាប់អន្តរជាតិ, កម្ពុជាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវនេះ (Video inside)

03-10-2026 15:57

(ហ្សឺណែវ)៖ លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា​​​ បានបញ្ជាក់ថា​ កម្ពុជាគាំទ្រអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews ដែលបានអំពាវនាវឱ្យពលរដ្ឋភៀសសឹក កម្ពុជាអាចវិលទៅផ្ទះ អនុលោមតាមច្បាប់អន្តរជាតិ ហើយបានអំពាវនាវឱ្យមានការអនុវត្តសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយពេញលេញ និងដោយស្មោះត្រង់។

ការបញ្ជាក់បែបនេះរបស់តំណាងកម្ពុជា បានធ្វើឡើងក្នុងឱកាសបានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ក្នុងបទអន្តរាគមន៍របស់ខ្លួន លោក កែ សុវណ្ណ បានបញ្ជាក់ថា អ្នករាយការណ៍ពិសេស UN បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ក្នុងអំឡុងពេលបេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា និងបានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសន្ទនាដោយបើកចំហការបន្តកិច្ចសហប្រតិបត្តិការ និងការវាយតម្លៃប្រកបដោយតុល្យភាព រវាងបញ្ហាប្រឈម និងវឌ្ឍនភាពសិទ្ធិមនុស្ស។

កម្ពុជាបានថ្លែងអំណរគុណជាពិសេស ចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស ដែលបានបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា និងថៃ។ ប្រជាពលរដ្ឋកម្ពុជាជាង ២០,​០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា បាននៅឡើយ ដោយសារវត្តមានរបស់កងកម្លាំងប្រដាប់អាវុធថៃ។

កម្ពុជាបានគាំទ្រការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋភៀសខ្លួនកម្ពុជា អនុលោមតាមច្បាប់អន្តរជាតិ ហើយបានអំពាវនាវឱ្យមានការអនុវត្ត សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយពេញលេញ និងដោយស្មោះត្រង់។ ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបានសង្កត់ធ្ងន់ថា បទល្មើសឆ្លងដែនតម្រូវឱ្យមានសកម្មភាពរួមគ្នា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

កម្ពុជាបានរំលេចនូវការពង្រឹងវិធានការអនុវត្តច្បាប់ និងការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្ក្រាបបណ្តាញឧក្រិដ្ឋជនឆ្លងដែន និងកិច្ចការពារជនរងគ្រោះ។

កម្ពុជា ក៏បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះអង្គការសង្គមស៊ីវិល ការចូលរួមផ្នែកនយោបាយ ពហុបក្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងពង្រឹងកិច្ចការពារ និងប្រកបដោយបរិយាបន្នដល់ស្ត្រី កុមារ ជនមានពិការភាព ក្រុមជន LGBTQ+ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ ជាការឆ្លើយតប កម្ពុជា បានបដិសេធនឹងសេចក្តីថ្លែងការណ៍របស់ថៃ ថាជាព័ត៌មានមិនពិត និងធ្វើឱ្យភ័ន្តច្រឡំ។

កម្ពុជា បានរំលឹកឡើងវិញថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសខ្លួនបច្ចុប្បន្ន ត្រូវបានបង្ខំឱ្យបោះបង់ចោលផ្ទះសម្បែងនៅក្នុងទឹកដីរបស់ពួកគេ ដោយសារការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ កាលពីឆ្នាំ២០២៥ ហើយបានបញ្ជាក់អះអាងថា សកម្មភាពបច្ចុប្បន្នរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា គឺជាការរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី៕