អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខអតីតនាយក នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាមនុស្សចាស់ និងបុណ្យភ្ជំបិណ្ឌ
03-10-2026 15:33
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនអតីតនាយក នាយិកាសាខាដែលបានចូលនិវត្តន៍ចំនួន ៣រូប ដល់គេហដ្ឋានរបស់ពួកគាត់ផ្ទាល់ នៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ពិធីនេះធ្វើឡើងក្នុងឱកាសទិវាមនុស្សចាស់ ១ តុលា និងក្នុងឱកាសបុណ្យភ្ជំបិណ្ឌផងដែរ។
អតីតនាយក នាយិកាសាខាដែលបានទទួលការសួរសុខទុក្ខ និងអំណោយរួមមាន៖ លោកវេជ្ជបណ្ឌិត តែ ថោងស៊ីន (បម្រើការពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០០១) លោក ទួន សុខ (បម្រើការពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦) និងលោកស្រី យឹម លាវ (បម្រើការពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩)។
លោក វ៉ី សំណាង បានថ្លែងអំណរគុណ និងចងចាំជានិច្ចនូវគុណបំណាច់ និងស្នាដៃរបស់អតីតនាយក នាយិកាទាំងអស់ ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងដឹកនាំសាខាកាកបាទ ក្រហមកម្ពុជាខេត្តតាកែវ ឱ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ លោកក៏បានគោរពជូនពរអតីតថ្នាក់ដឹកនាំទាំងបីរូប ឱ្យមានសុខភាពល្អ អាយុយឺនយូរ និងនៅជាម្លប់ដល់កូនចៅជំនាន់ក្រោយៗទៀត។
អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥ គីឡូក្រាម ត្រីខ ១ យួរ មី ១ កេស ប្រេងឆា ១ លីត្រ នំ ១ កញ្ចប់ ទឹកត្រី ៣ ដប ទឹកស៊ីអ៊ីវ ៣ ដប ទឹកបរិសុទ្ធ ១ កេស ទឹកដោះគោស្រស់ ៤ ដប (ស្មើនឹង ៤ លីត្រ) មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងថវិកាចំនួន ២០ ម៉ឺនរៀល។ ក្នុងនោះ លោកប្រធានមន្ទីរសុខាភិបាលខេត្តក៏បានបន្ថែមថវិកាចំនួន ២០ ម៉ឺនរៀលថែមទៀត សម្រាប់គ្រួសារទាំងបីផងដែរ៕










