ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៥៥គ្រួសារ នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ទទួលបានអំណោយពីក្រុមការងាររាជរដ្ឋាភិបាល
03-10-2026 14:56
(សៀមរាប)៖ លោក ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ បានចាត់ឲ្យលោក ពៅ ប៊ុនធឿន លោក ពិន សារ៉េត ចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ចំនួន ៥៥គ្រួសារ នៅឃុំខ្នារសណ្ដាយ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅក្នុងបរិបទនៃគ្រោះធម្មជាតិនេះ។
ថ្លែងក្នុងឱកាសនោះ លោក ពៅ ប៊ុនធឿន បានពាំនាំការសាកសួរសុខទុក្ខពីសំណាកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក ហេង ធូរ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្នារសណ្តាយ ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារទាំងអស់។
លោកបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។ ជាពិសេសសូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពដោយត្រូវ រក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុតដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។
លោកបានសម្តែងនូវការដឹងគុណចំពោះស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទោះបីប្រទេសជាតិយើង កំពុងតែប្រឈមមុខនឹង សង្គ្រាមពីការឈ្លានពាន ពីទាហានថៃក៏ដោយ សម្តេចទាំងពីរលោកតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិនថាក្នុងកាលទេសៈណាក៏ដោយ។
លោក ពៅ ប៊ុនធឿន ក៏សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ និងឈរជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ស្រមតាមច្បាប់អន្តរជាតិ និងការចចារផ្អែកលើអត្ថប្រយោជន៍ជាតិ គ្រប់កាលៈទេសៈទាំងអស់។
លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី បានលើកឡើងថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជាមួយនេះដែរ លោក ឆន គី មេឃុំខ្នារសណ្តាយ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ និងទី២៥ ខែកញ្ញា កន្លងទៅ មូលដ្ឋានឃុំខ្នារសណ្តាយ បានរងជួបនូវគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង បានធ្វើឱ្យមានការរងផលប៉ះពាល់ ផ្ទះសម្បែង ដំណាំ សត្វចិញ្ចឹមផ្សេងៗ បានរងគ្រោះជំនន់ទឹកភ្លៀងរយៈពេលខ្លីនេះ៕























