រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំមន្ត្រីក្រោមឱវាទចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងការពារព្រំដែនគោក លេខ៤០២ និង៤០៣
03-10-2026 14:53
(ឧត្តរមានជ័យ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងការពារព្រំដែនគោកលេខ៤០២ និង៤០៣ ចំណុះយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ទោ សុក រីណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី២ ឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគទី៤ អនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី២ លោកវរសេនីយ៍ត្រី សឿក សំអុល មេបញ្ជាការស្តីទី នៃកងការពារព្រំដែនគោកលេខ៤០២ និង លោកវរសេនីយ៍ឯក ជុំ សេង មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងបានគូសបញ្ជាក់ថា ការជួបជុំនេះគឺជាការបន្តរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយកងកម្លាំងការពារព្រំដែនគោកលេខ៤០២ និង៤០៣ ដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តរវាងសមរភូមិមុខ និងសមរភូមិក្រោយ ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោក ប៉េង ពោធិ៍នា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះយុទ្ធជនទាំងអស់ និងបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាព និងការលះបង់ដ៏ធំធេងរបស់កងទ័ព ដែលបានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីបុព្វហេតុការពារទឹកដីមាតុភូមិ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ រួមទាំងការអំពាវនាវនៅមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានរំលេចពីការតវ៉ាចំពោះសកម្មភាពរំលោភបំពានរបស់ថៃលើអធិបតេយ្យភាពកម្ពុជា និងការប្រកាសឱ្យប្រើច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីពង្រឹងកម្លាំងការពារជាតិ។
ជាចុងក្រោយលោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់កងទ័ពទាំងអស់ឱ្យថែរក្សាសុខភាព ពង្រឹងស្មារតីការពារអធិបតេយ្យ និងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល។ ក្នុងនាមប្រតិភូក្រសួង និងប្រជាពលរដ្ឋលោកបានថ្លែងអំណរគុណចំពោះការលះបង់របស់កងទ័ព និងបានបួងសួងសូមឱ្យយុទ្ធជនទាំងអស់ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


































