FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពុយ គា៖ តើគួរផ្សព្វផ្សាយព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ដែរឬទេ?

03-10-2026 14:18

(ភ្នំពេញ)៖ ការផ្សព្វផ្សាយព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ មានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងអប់រំអ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន។ ប៉ុន្តែការផ្សាយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ។ នេះបើតាមការគូសបញ្ជាក់របស់លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។

លោក ពុយ គា បានគូសបញ្ជាក់អំពីផលអវិជ្ជមាន, អត្ថបទប្រយោជន៍, គោលការណ៍ក្នុងការផ្សាយ និងការទទួលខុសត្រូវនៅកន្លែងកើតហេតុ រួមមាន៖

*ទី១៖ ផលប៉ះពាល់អវិជ្ជមាន
- ប៉ះពាល់ដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងផ្លូវចិត្តរបស់ជនរងគ្រោះ និងក្រុមគ្រួសារ។
- រំលោភឯកជនភាព តាមរយៈការផ្សាយរូបភាពសាកសព ឈាម និងព័ត៌មានផ្ទាល់ខ្លួន។
- បង្កការយល់ច្រឡំ ប្រសិនបើផ្សាយព័ត៌មានមិនទាន់ផ្ទៀងផ្ទាត់ ឬចោទប្រកាន់ភាគីណាមួយមុនការស៊ើបអង្កេត។
- រំខានដល់ការសង្គ្រោះ និងការងាររបស់សមត្ថកិច្ច។

*២៖ អត្ថប្រយោជន៍
- ផ្តល់ព័ត៌មានទាន់ហេតុការណ៍អំពីគ្រោះថ្នាក់ និងស្ថានភាពចរាចរណ៍។
- អប់រំ និងក្រើនរំលឹកអ្នកប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ចរាចរណ៍។
- ជួយសម្រួលដល់ការស្វែងរកសាច់ញាតិ និងការផ្តល់ជំនួយដល់ជនរងគ្រោះ។

*ទី៣៖ គោលការណ៍ក្នុងការផ្សាយ
- ផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពដែលអាចទុកចិត្តបានមុនពេលផ្សាយ។
- បិទបាំងមុខ សាកសព និងស្នាមរបួសធ្ងន់ធ្ងរ។
- គោរពឯកជនភាព និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ។
- រក្សាភាពអព្យាក្រឹត មិនសន្និដ្ឋានកំហុសមុនលទ្ធផលស៊ើបអង្កេត។
- ផ្តោតលើការអប់រំ និងការបង្ការគ្រោះថ្នាក់ មិនមែនការទាក់ទាញ Views ឬ Likes។

*ទី៤៖ ការទទួលខុសត្រូវនៅកន្លែងកើតហេតុ

អ្នកសារព័ត៌មានត្រូវផ្តល់អាទិភាពដល់ការជួយសង្គ្រោះអាយុជីវិតមនុស្ស មិនរារាំងរថយន្តសង្គ្រោះ មិនប៉ះពាល់ដល់ភស្តុតាង និងមិនរំខានដល់ការងាររបស់សមត្ថកិច្ច។

សរុបមក ការផ្សាយព័ត៌មានគ្រោះថ្នាក់ចរាចរណ៍គឺចាំបាច់ ប៉ុន្តែត្រូវផ្សាយដោយភាពត្រឹមត្រូវ ការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ តម្លៃនៃព័ត៌មានមិនស្ថិតនៅលើភាពរន្ធត់ ឬចំនួនអ្នកចូលមើលទេ ប៉ុន្តែស្ថិតនៅលើប្រយោជន៍សាធារណៈ និងការចូលរួមការពារអាយុជីវិតមនុស្ស៕