FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយអ្នករត់កង់បី និងម៉ូតូឌុបជិត៥០០នាក់

03-10-2026 14:10

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបប្រមាណ៤៩៣នាក់ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់បន្ទាន់ ដើម្បីសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋក្រីក្រ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នករត់ម៉ូតូកង់បី ដែលរងផលប៉ះពាល់ពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងហ្គាស។

លោកបានណែនាំដល់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ឲ្យមានស្មារតីស្នេហាជាតិ ចូលរួមគាំទ្រផលិតផលខ្មែរ និងរួបរួមសាមគ្គីគ្នា គាំទ្រការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយឡែកលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប ម៉ូតូកង់បីសន្តិភាព និងកម្មករ បានឲ្យដឹងថា ក្រុមការងារបានអនុវត្តសកម្មភាពជាច្រើន ដើម្បីពង្រឹងជំនឿទុកចិត្តរបស់អ្នកបើកបរ អ្នករត់ម៉ូតូឌុប និងកម្មករ លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកបានបន្ថែមថា ក្រុមការងារក៏បានផ្តល់ជំនួយមនុស្សធម៌ ដូចជាថវិកា និងគ្រឿងឧបភោគបរិភោគ ដល់សមាជិកដែលមានជីវភាពខ្វះខាត ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រឡងយកបណ្ណបើកបរម៉ូតូកង់បីប្រភេទ «ក» ជូនសមាជិកជាបន្តបន្ទាប់។ ក្រុមការងារក៏បានជួយសម្របសម្រួលដល់សមាជិកដែលជួបបញ្ហាជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្នុងក្រុងបាត់ដំបងផងដែរ៕