FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន២៩០នាក់ មកពីអតីតគណបក្សភ្លើងទៀន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំមានជ័យ ស្រុកប្រាសាទបាគង

03-10-2026 13:36

(សៀមរាប)៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំមានជ័យ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២៩០នាក់ ក្នុងនោះស្ត្រី ១៣៥នាក់ ដែលជាអតីតសមាជិកគណបក្សភ្លើងទៀន និងបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោក ដោក សុផា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមានជ័យ។

ពិធីនេះមានការចូលរួមពីលោកប្រធានគណបក្សស្រុកប្រាសាទបាគង និងសហការី២រូប លោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយភូមិទាំង៦ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានឃុំ និងភូមិ ក្រុមយុវជនគណបក្ស ព្រមទាំងសមាជិក សមាជិកាសរុប ៣៩៣នាក់។

ថ្លែងក្នុងពិធីនេះ លោក ដោក សុផា បានលើកឡើងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយលោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងបានឆ្លងកាត់ការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាកន្លងមក។

លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជានឹងបន្តរួមដំណើរជាមួយប្រជាពលរដ្ឋ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងភាពសុខសាន្តជូនប្រជាជន។ លោកក៏បានចាត់ទុកការចូលរួមរបស់សមាជិកថ្មីទាំង ២៩០នាក់ថា ជាការបង្ហាញពីជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្ស។

ទាក់ទងនឹងស្ថានភាពប្រទេសជាតិក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ លោក ដោក សុផា បានលើកឡើងថា សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានថែរក្សា ខណៈជីវភាពប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ និងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក ដោក សុផា បានប្រគល់សេចក្តីសម្រេចទទួលស្គាល់ជាសមាជិកគណបក្ស និងប័ណ្ណសមាជិកគណបក្សដែលមានហត្ថលេខារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនដល់សមាជិកថ្មីទាំង ២៩០នាក់។ ជាមួយគ្នានេះ លោកក៏បានប្រកាសរៀបចំសមាជិកថ្មីទៅក្នុងក្រុមបក្សចំនួន ២៧ក្រុម និងបង្កើតមេគ្រួសារបក្សចំនួន ៥៤បន្ថែមទៀត ដើម្បីពង្រឹងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន។

លោក ដោក សុផា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្ស ក២៦.១១ ក្រុមការងារគណបក្សស្រុកចុះជួយឃុំ ក្រុមការងារគណបក្សមូលដ្ឋានឃុំមានជ័យ គណៈសាខាបក្សភូមិទាំង៦ និងក្រុមយុវជនគណបក្សភូមិ ដែលបានសហការគ្នាក្នុងការចលនាសមាជិកថ្មីទាំង ២៩០នាក់ ឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា តាមទិន្នន័យដែលក្រុមការងារបានលើកឡើង សមាជិកគណបក្សនៅឃុំមានជ័យបច្ចុប្បន្នមានចំនួនស្មើនឹង ៩២,៣២% នៃចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ព្រមទាំងបានជំរុញឱ្យក្រុមការងារបន្តអនុវត្តការងារនេះឱ្យកាន់តែសកម្មថែមទៀត។

ជាចុងក្រោយ លោក ដោក សុផា បានផ្តល់ជូនសមាជិកថ្មីទាំង ២៩០នាក់ ក្នុងម្នាក់ៗទទួលបានអាវយឺត១ មួកគណបក្ស១ និងថវិកា ២ម៉ឺនរៀល។ ជាមួយគ្នានេះ លោកក៏បានឧបត្ថម្ភថវិកាដល់គណបក្សឃុំសម្រាប់រៀបចំកម្មវិធីចំនួន ១,៣១៧,០០០រៀល និងថវិកាសម្រាប់រៀបចំប័ណ្ណសមាជិកគណបក្សចំនួន ៦,៦៣០,៤០០រៀល ដោយសរុបថវិកាឧបត្ថម្ភទាំងអស់ចំនួន ១៣.៧៤៧.៤០០រៀល៕