ប្រកាសដាក់ឲ្យដំណើរការ «មូលនិធិអប់រំសីហនុរាជ» ដើម្បីពង្រឹងគុណភាពពុទ្ធិកឧត្តមសិក្សា
03-10-2026 12:58
(ភ្នំពេញ)៖ មូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ បានប្រកាសដាក់ឱ្យដំណើរការគម្រោង «មូលនិធិអប់រំសីហនុរាជ» នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមានគោលបំណងចូលរួមពង្រឹងគុណភាពពុទ្ធិកឧត្តមសិក្សា និងបង្កើនឱកាសសិក្សាសម្រាប់សមណនិស្សិត និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
ពិធីនេះប្រារព្ធក្រោមព្រះអធិបតីភាព សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ នាយិកាអង្គការមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ ព្រមទាំងមានការចូលរួមពីតំណាងធនាគារចំនួន១៣នៅកម្ពុជា សប្បុរសជនដែលបានចូលរួមគាំទ្រថវិកាដល់គម្រោង គណៈគ្រប់គ្រង សមណនិស្សិត និស្សិតប្រមាណ ៣៥០ អង្គ/នាក់។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត មានសង្ឃដីកាថា ការបង្កើតមូលនិធិអប់រំនេះ គឺជាការចូលរួមដ៏សំខាន់ពីសង្គម និងវិស័យឯកជន ក្នុងការគាំទ្រការអប់រំ ដែលមិនត្រឹមតែផ្តល់ចំណេះដឹងដល់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សា និងអភិវឌ្ឍគុណតម្លៃព្រះពុទ្ធសាសនា អត្តសញ្ញាណខ្មែរ និងធនធានមនុស្សសម្រាប់សង្គមជាតិ។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត មានសង្ឃដីកាបន្ថែមថា «ការជួយលើការអប់រំ គឺជាការវិនិយោគលើអនាគតរបស់យុវជន និងអនាគតរបស់ប្រទេសជាតិ។ មូលនិធិនេះ នឹងជួយឱ្យនិស្សិតដែលមានសមត្ថភាព និងមានតម្រូវការទទួលបានឱកាសបន្តការសិក្សា ខណៈដែលការស្រាវជ្រាវនិងការអភិវឌ្ឍកម្មវិធីសិក្សានឹងជួយពង្រឹងគុណភាពពុទ្ធិកឧត្តមសិក្សា ស្របតាមស្តង់ដាអប់រំជាតិ»។
ចំណែក លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានលើកឡើងថា មូលនិធិនេះ មានគោលបំណងបន្តស្មារតីលើកកម្ពស់ការអប់រំ និងការចូលរួមក្នុងសង្គម ដែលជាមរតកនៃការយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ អតីតអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។
«មូលនិធិសង្គហសិក្សា សូមចូលរួមលើកកម្ពស់ការអប់រំ ដែលជាឱកាសពិតប្រាកដសម្រាប់សមណនិស្សិត និស្សិត ជាពិសេសអ្នកដែលមានសមត្ថភាព ប៉ុន្តែខ្វះលទ្ធភាព។ ការគាំទ្ររបស់មូលនិធិ មិនត្រឹមតែជាអាហារូបករណ៍ទេ ប៉ុន្តែរួមមានការស្រាវជ្រាវ ការអភិវឌ្ឍកម្មវិធីសិក្សា ការបកប្រែសៀវភៅ និងសកម្មភាពមនុស្សធម៌ដែលផ្តល់ប្រយោជន៍ដល់សហគមន៍ផ្ទាល់»។
តាមផែនការឆ្នាំ២០២៦ មូលនិធិគ្រោងប្រើប្រាស់ថវិកាប្រមាណ ៨០,០០០ ដុល្លារអាមេរិក ដែលបានមកពីមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ ការឧបត្ថម្ភពីពុទ្ធបរិស័ទ និងការចូលរួមពីធនាគារនានា នៅកម្ពុជា។
កម្មវិធីសំខាន់ៗរបស់មូលនិធិអប់រំសីហនុរាជរួមមាន៖ ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងអាហារូបករណ៍ ការបង់ថ្លៃសិក្សាសម្រាប់និស្សិតក្រោយឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ព្រមទាំងការឧបត្ថម្ភដល់សមណនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសស្រីលង្កា។ ការគាំទ្រនឹងផ្តោតជាពិសេសលើជំនាញ បាលី-សំស្ក្រឹត ទស្សនវិជ្ជាពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ ព្រមទាំងជំនាញចាំបាច់មួយចំនួនទៀត។
ក្រៅពីនេះ មូលនិធិនឹងគាំទ្រគម្រោងស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងនិស្សិត ពានរង្វាន់ឯកឧត្តម បណ្ឌិត ជា ចាន់តូ ដែលផ្តោតលើការលើកកម្ពស់អក្សរសាស្ត្រខ្មែរ កំណាព្យ និងសមត្ថភាពដេញដោល ការបកប្រែ និងបោះពុម្ពសៀវភៅពុទ្ធសាសនាពីភាសាអង់គ្លេសមកជាភាសាខ្មែរ ព្រមទាំងការអភិវឌ្ឍនិងធ្វើទំនើបកម្មកម្មវិធីសិក្សា។
ផ្នែកសេវាសហគមន៍ ក៏ជាផ្នែកសំខាន់មួយនៃគម្រោង ដោយនឹងផ្តល់ជំនួយដល់និស្សិតក្រីក្រខ្លាំង និស្សិតពិការ និស្សិតរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រះមន្ត្រីសង្ឃ មន្ត្រីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ករណីត្រូវការជំនួយសង្គ្រោះបន្ទាន់ និងគម្រោងសហគមន៍ដែលផ្តួចផ្តើមដោយសមណនិស្សិត និស្សិត។
គម្រោងក៏នឹងរៀបចំប្រព័ន្ធ តាមដាន និងវាយតម្លៃ ដើម្បីពិនិត្យប្រសិទ្ធភាពនៃការអនុវត្ត និងមានការរៀបចំមូលនិធិសម្រាប់សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង ផងដែរ។
ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានពង្រីកវត្តមានរបស់ខ្លួនទៅកាន់ ខេត្តសៀមរាប ដោយបើកសាខាថ្មីមួយ ដែលអគារសាខានេះ ក៏ទទួសូមបញ្ជាក់ថាបន្ថែមថា មូលនិធិអប់រំសីហនុរាជឆ្នាំ២០២៦ ទទួលបានការឧបត្ថម្ភពីមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ គម្រោងថវិកា ៨ម៉ឺនដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៦-២០២៧ នឹងផ្តោតលើកម្មវិធីអាហារូបករណ៍ ការស្រាវជ្រាវ ការអភិវឌ្ឍកម្មវិធីសិក្សា ពានរង្វាន់អប់រំ បកប្រែបោះពុម្ពសៀវភៅ និងសេវាសហគមន៍៕លបានការគាំទ្រពីមូលនិធិផងដែរ។ ការពង្រីកនេះបង្ហាញពីគោលដៅពង្រីកឱកាសទទួលបានការអប់រំពុទ្ធិកឧត្តមសិក្សាទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា។
ការបង្កើត «មូលនិធិអប់រំសីហនុរាជ» ត្រូវបានរំពឹងថានឹងក្លាយជាយន្តការមួយសម្រាប់ភ្ជាប់ ការអប់រំ ការស្រាវជ្រាវ ព្រះពុទ្ធសាសនា អត្តសញ្ញាណខ្មែរ និងការបម្រើសង្គម ដោយមានការចូលរួមពីស្ថាប័នអប់រំ វិស័យធនាគារ ពុទ្ធបរិស័ទ សប្បុរសជន និងដៃគូពាក់ព័ន្ធ។
ខ្លឹមសារសំខាន់នៃគម្រោងនេះ គឺការបន្តបេសកកម្មលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាសដល់យុវជន និងការពង្រឹងសមត្ថភាពស្ថាប័នពុទ្ធិកឧត្តមសិក្សានៅកម្ពុជា។
សូមបញ្ជាក់ថាបន្ថែមថា មូលនិធិអប់រំសីហនុរាជឆ្នាំ២០២៦ ទទួលបានការឧបត្ថម្ភពីមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ គម្រោងថវិកា ៨ម៉ឺនដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៦-២០២៧ នឹងផ្តោតលើកម្មវិធីអាហារូបករណ៍ ការស្រាវជ្រាវ ការអភិវឌ្ឍកម្មវិធីសិក្សា ពានរង្វាន់អប់រំ បកប្រែបោះពុម្ពសៀវភៅ និងសេវាសហគមន៍៕
























