FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វាយ «រំដួល» ផលិតផលខ្មែរ ទទួលការគាំទ្រខ្លាំងនៅកូរ៉េ ខណៈឯកអគ្គរាជទូតកម្ពុជា ជំរុញនាំចូលផ្លែឈើខ្មែរបន្ថែម

03-10-2026 12:11

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក KIM Yunju នាយកប្រតិបត្តិក្រុមហ៊ុន ហ៊ីយុនដាយអាហ្គ្រោ (ខេមបូឌា) ឯ.ក (Hyundai Argo (Cambodia) Co., Ltd.) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក KIM Yunju បានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជា ដែលបានជួយស្រាយបំភ្លឺអំពីប្រភពនៃស្វាយ «រំដួល» ដែលជាផលិតផលខ្មែរនាំចូលដោយក្រុមហ៊ុនមកកាន់ទីផ្សារប្រទេសកូរ៉េ។ លោកបានបញ្ជាក់ថា ការស្រាយបំភ្លឺរបស់ស្ថានទូត បានជួយពង្រឹងទំនុកចិត្តរបស់សហគមន៍ខ្មែរនៅកូរ៉េ ចំពោះប្រភពផលិតផល និងធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំងចំពោះស្វាយម៉ាក «រំដួល»។

លោក KIM Yunju ក៏បានសម្តែងការសុំអធ្យាស្រ័យចំពោះបងប្អូនខ្មែរនៅកូរ៉េ ដែលក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ស្វាយ «រំដួល» បានគ្រប់គ្រាន់តាមតម្រូវការ ដោយសារមានការគាំទ្រខ្ពស់ពីអ្នកប្រើប្រាស់។

ជាការឆ្លើយតប លោក ឃួន ផុនរតនៈ បានបញ្ជាក់ថា ស្ថានទូតរីករាយក្នុងការសហការគាំទ្រដល់ក្រុមហ៊ុននានា ដែលនាំចូលផលិតផលខ្មែរទៅកាន់ទីផ្សារកូរ៉េ ដោយស្ថានទូតមានបំណងចង់ឃើញផលិតផលកម្ពុជាកាន់តែច្រើនមានវត្តមាននៅលើទីផ្សារកូរ៉េ ជាពិសេសផលិតផលកសិកម្ម ផ្លែឈើ និងបន្លែស្រស់។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំយកផលិតផលកសិកម្មខ្មែរផ្សេងទៀត ដូចជា ស្វាយខ្ចី ទុរេន និងចេក មកកាន់ទីផ្សារកូរ៉េ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ៕