FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកិច្ចការនារី និងធនាគារពិភពលោក ត្រៀមរៀបចំការវាយតម្លៃ ចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ឆ្លើយតបនឹងយេនឌ័រ នៅកម្ពុជា

03-10-2026 11:45

(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Tania Myer អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងលោក Oleksii Balabushko ប្រធានផ្នែកអនុវត្តការងារអភិបាលកិច្ចប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារត្រៀមរៀបចំលើការវាយតម្លៃការចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ឆ្លើយតបនឹងយេនឌ័រ (PEFA Gender) នៅកម្ពុជា។

ជំនួបនេះ មានគោលបំណងបង្កើនការយល់ដឹងរួមអំពីដំណើរការ វិសាលភាព វិធីសាស្ត្រ និងកាលវិភាគនៃការវាយតម្លៃ ក៏ដូចជាពិភាក្សាអំពីតួនាទី និងការចូលរួមរបស់ក្រសួងកិច្ចការនារី ក្នុងការគាំទ្រដល់ការវាយតម្លៃ PEFA Gender។ កិច្ចពិភាក្សាក៏បានផ្តោតលើការកំណត់ប្រភពព័ត៌មាន ឯកសារពាក់ព័ន្ធ អ្នកទទួលបន្ទុក និងយន្តការសម្របសម្រួលសម្រាប់ការប្រមូលទិន្នន័យ និងភស្តុតាងជាផ្លូវការនាពេលបន្ទាប់។

លោកស្រី Tania Myer បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកិច្ចការនារី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួបពិភាក្សាការងារត្រៀមរៀបចំសម្រាប់ការវាយតម្លៃនេះ ដែលនឹងអនុវត្តដោយធនាគារពិភពលោក ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធមួយចំនួន។

ជាការឆ្លើយតប លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានសហការ និងគាំទ្រក្នុងការដឹកនាំរៀបចំធ្វើការវាយតម្លៃថ្នាក់ជាតិនេះ ដែលភ្ជាប់ជាមួយការវាយតម្លៃបន្ថែមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្លើយតបនឹងយេនឌ័រ (GRPFM) និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្លើយតបនឹងអាកាសធាតុ (CRPFM)៕