ដំណើរទស្សនកិច្ចបវរកញ្ញាចក្រវាល ៤៨ប្រទេស នៅខេត្តព្រះសីហនុ រំពឹងជំរុញវិស័យទេសចរណ៍កម្ពុជា
03-10-2026 11:14
(ព្រះសីហនុ)៖ គណៈប្រតិភូបវរកញ្ញាចក្រវាល (Miss Universe) ដែលមកពី ៤៨ប្រទេស បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់ខ្លួននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថា ជាកាលានុវត្តភាពដ៏សំខាន់មួយ ក្នុងការបង្ហាញពីការអភិវឌ្ឍ និងលើកកម្ពស់សក្តានុពលតំបន់ទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនកុះករនាពេលខាងមុខ។
បច្ចុប្បន្ន ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចពហុបំណងដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលទ្រទ្រង់ដោយវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម។
លើសពីនេះ ខេត្តតំបន់ឆ្នេរមួយនេះមានធនធានទេសចរណ៍ដ៏សម្បូរបែប រួមមាន ឆ្នេរខ្សាច់កម្សាន្ត ប្រជុំកោះធម្មជាតិ ទឹកធ្លាក់ ឧទ្យានជាតិ ព្រមទាំងរមណីយដ្ឋានវប្បធម៌ និងរូបសំណាកនិមិត្តរូបល្បីៗ ដូចជារូបសំណាក «ព្រះថោងនាងនាគ» «នាគទេពមង្គល» និងរូបសំណាកជាច្រើនទៀត (ខ្មែរធ្វើបាន) ជាដើម ដែលសុទ្ធសឹងជាគោលដៅទាក់ទាញមិនអាចរំលងបាន។
តាមរយៈវត្តមាន និងការទស្សនកិច្ចផ្ទាល់របស់បវរកញ្ញាចក្រវាលទាំង ៤៨ ប្រទេស នាឱកាសនេះ ទស្សនីយភាពដ៏ស្រស់ត្រកាល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍របស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ដែលជួយលើកកម្ពស់កិត្យានុភាពជាតិ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។
































