មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង បន្តជួយឧបត្ថម្ភដល់ពលរដ្ឋខ្វះខាត និងកុមារីរងគ្រោះ
03-10-2026 11:11
(កំពង់ឆ្នាំង)៖ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបន្តនាំយកអំណោយជាស្បៀងអាហារ និងថវិការបស់ថ្នាក់ដឹកនាំ ទៅផ្ដល់ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាតនៅឃុំកំពង់អុស ស្រុកជល់គីរី។
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្ដល់ជូនដល់គ្រួសារកុមារីរងគ្រោះដោយសារឪពុកបង្កើតវាយធ្វើបាបបណ្ដាលឱ្យរងរបួស កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ។
សកម្មភាពមនុស្សធម៌នេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដីចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកអភិបាលខេត្តកំពង់ឆ្នាំង។
កុមារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយបច្ចុប្បន្នអាការៈរបស់នាងបានជាសះស្បើយ និងបានត្រឡប់មកកាន់លំនៅឋានវិញផងដែរ។
លោកប្រធានមន្ទីរសង្គមកិច្ចបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌របស់មន្ទីរ គឺតែងតែបានអនុវត្តជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ពិសេសប្រជាពលរដ្ឋក្រីក្រ រងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
មន្ទីរសង្គមកិច្ចមានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើប្រយោជន៍ជូនពលរដ្ឋ តាមរយៈការយកចិត្តទុកដាក់ផ្ដល់ស្បៀងដល់ជនមានជីវភាពខ្វះខាត ឃ្លាំមើលជាប់ជាប្រចាំ និងដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវកម្មវិធីសំខាន់ៗ ក្នុងការលើកកម្ពស់សេវាសង្គមកិច្ច និងការអនុវត្តកម្មវិធីគាំពារសង្គម ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបទទួលបានការយកចិត្តទុកដាក់ និងជំនួយចាំបាច់៕











