ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
03-10-2026 10:38
(ស្វាយរៀង)៖ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនគរបាលខេត្ត គ្រូបង្គោល សិក្ខាកាម និងភ្ញៀវកិត្តិយស សរុបចំនួនប្រមាណ៥០នាក់។
កម្មវិធីនេះត្រូវបានគាំទ្រ និងអនុវត្តជាចម្បងដោយ KAMRISE USA ក្នុងភាពជាដៃគូជាមួយ CAMSAFE Cambodia ដោយសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
វគ្គបណ្តុះបណ្តាលត្រូវបានអនុវត្តដោយគ្រូបង្គោលថ្នាក់ជាតិចំនួន ០៥រូប ដោយផ្តោតលើសង្គ្រោះបឋម CPR ការឆ្លើយតបក្រោយគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពនៅកន្លែងកើតហេតុ ការវាយតម្លៃជនរងគ្រោះ ការគ្រប់គ្រងការហូរឈាម និងជំនាញសង្គ្រោះជីវិតសំខាន់ៗ។
ក្នុងឱកាសបិទវគ្គ KAMRISE USA / CAMSAFE Cambodia និងលោកស្រី THEANY SAUបានផ្តល់ កាដូលើកទឹកចិត្តចំនួន ៤០កញ្ចប់ ជូនសិក្ខាកាម ៣៥នាក់ និងគ្រូបង្គោល ៥នាក់។ លើសពីនេះ ក៏បានផ្តល់សម្ភារៈសង្គ្រោះ និងឧបករណ៍សម្រាប់ប្រើប្រាស់នៅស្នងការដ្ឋាននគរបាលខេត្ត រួមមានកញ្ចប់សង្គ្រោះរបួស ម៉ានីកាំង CPR កុំព្យូទ័រយួរដៃ មួកសុវត្ថិភាព ប្រង់ការសង្គ្រោះបត់បាន និងអាវសុវត្ថិភាព។
កម្មវិធីនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលក្នុងការឆ្លើយតប និងផ្តល់ជំនួយសង្គ្រោះបឋមបានទាន់ពេលវេលា ដើម្បីជួយកាត់បន្ថយការស្លាប់ និងរបួសធ្ងន់ដែលអាចបង្ការបាន។ ជាពិសេស សូមថ្លែងអំណរគុណចំពោះ លោកស្រី THEANY SAU អ្នកគាំទ្រប្រចាំខេត្តស្វាយរៀង-ខ្មែរអាមេរិកាំង ចំពោះការគាំទ្រ និងការចូលរួមដ៏មានតម្លៃក្នុងកម្មវិធីនេះ៕






















