ខេត្តកំពង់ស្ពឺ កំពុងលាក់ទុក «ត្បូងពេជ្រ» ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដែលទទួលស្គាល់ដោយអន្តរជាតិ
03-10-2026 10:30
(ភ្នំពេញ)៖ ខេត្តកំពង់ស្ពឺ កំពុងលេចធ្លោជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលខ្ពស់ ដែលត្រូវបានគេប្រសិទ្ធនាមថាជា «ត្បូងពេជ្រមិនទាន់ច្នៃ» របស់កម្ពុជា។ តំបន់លម្ហែបៃតងល្បីៗ រាប់ចាប់តាំងពីទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយសារសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងភាពងាយស្រួលក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញ។
ការផ្សព្វផ្សាយ និងការលើកឡើងពីសំណាក់អ្នកជំនាញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា បានឆ្លុះបញ្ចាំងឱ្យឃើញថា «ត្បូងពេជ្រមិនទាន់ច្នៃ» នៃវិស័យទេសចរណ៍ធម្មជាតិ របស់ខេត្តកំពង់ស្ពឺ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ។ តំបន់លម្ហែបៃតងល្បីៗ រួមមានទេទឹកពុះ ទឹកធ្លាក់ចំបក់ និងតំបន់ភ្នំខ្នងផ្សារ ត្រូវបានទទួលស្គាល់ថា ជាសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់បំផុតរបស់កម្ពុជា។
សក្តានុពលនៃគោលដៅលម្ហែបៃតងទាំងអស់នេះ ត្រូវផ្សាយនៅលើទីភ្នាក់ងារព័ត៌មានអន្តរជាតិ Associated Press (AP) នាពេលថ្មីៗនេះ ដែលបានស្រង់សំដីអ្នកជំនាញ ផ្នែកការប្រែប្រួលអាកាសធាតុមួយរូប ធ្វើធ្វើការចាប់អារម្មណ៍ លើសម្រស់ធម្មជាតិ និងសក្តានុពលនៃគោលដៅលម្ហែបៃតងនៃខេត្តកំពង់ស្ពឺ និងបានចាត់ទុកខេត្តកំពង់ស្ពឺ កំពុងលាក់ទុក «ត្បូងពេជ្រ» ដែលស្ថិតនៅជិតរាជធានីភ្នំពេញ និងងាយស្រួលធ្វើដំណើរទៅកម្សាន្ត។
លោកស្រី Daniella Chehade ប្រធានក្រុមការងារ សម្របសម្រួលការប្រែប្រួលអាកាសធាតុ នៃទីភ្នាក់ងារអន្តរជាតិ បានចែករំលែកចំណាប់អារម្មណ៍ បន្ទាប់ពីបានទៅទស្សនានៅតាមតំបន់ទេសរណ៍ធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ រួមមានតំបន់ទេទឹកពុះ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ និងទឹកធ្លាក់ចំបក់ ក្នុងស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។
លោកស្រីបានពិពណ៌នាអំពីតំបន់ទេទឹកពុះ ដែលថ្មភក់នៅទីនោះ សម្បូរដោយសារធាតុស៊ុលហ្វួរ (Sulfur) និងជាតំបន់ទាក់ទាញក្នុងស្រុកដ៏ពិសេសមួយ។ គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ បានស្នើឡើង ក្នុងគោលបំណងស្តារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ីនៅទីនោះ និងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងជំនាញប្រជាពលរដ្ឋក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព និងការអភិវឌ្ឍន៍គោលដៅលម្ហែបៃតង។
នៅឯទឹកធ្លាក់ចំបក់ លោកស្រី Chehade បានសរសើរអំពីទេសភាព និងសេវាកម្មទេសចរណ៍របស់សហគមន៍តំបន់ការពារធម្មជាតិនៅទីនោះ។ សហគមន៍បានបង្កើតគម្រោង ដើម្បីកែលម្អផ្លូវដើរ និងបង្កាន់ដៃសុវត្ថិភាព ព្រមទាំងពង្រឹងការគ្រប់គ្រងទឹកសម្រាប់កសិករ និងការស្តុកទឹកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់តាមផ្ទះ។
លោកស្រី Daniella Chehade បានចាត់ទុកថា តំបន់ធម្មជាតិអាចមានតម្លៃលើសពីកន្លែងកម្សាន្តដ៏ស្រស់ស្អាត។ នៅពេលគ្រប់គ្រងបានល្អិតល្អន់ តំបន់ទាំងនោះអាចជួយទ្រទ្រង់ ភាពធន់នឹងអាកាសធាតុ ពង្រឹងភាពធន់របស់សហគមន៍ និងផ្តល់ប្រភពចំណូលប្រកបដោយចីរភាព។
«ត្បូងពេជ្រលាក់ខ្លួន» មួយទៀតនៅក្នុងខេត្តកំពង់ស្ពឺ នោះគឺ តំបន់ភ្នំខ្នងផ្សារ ដែលស្ថិតនៅចន្លោះជួរភ្នំ មានព្រៃឈើ និងវាលស្មៅល្អស្រស់ត្រកាល គ្របលើភ្នំខ្នងផ្សារ ផ្តល់ជូនអ្នកទេសចរ នូវបទពិសោធន៍ប្លែកខុសពីកន្លែងដ៏ទៃ។ ភ្ញៀវទេសចរត្រូវដើរថ្មើរជើងឆ្លងកាត់តំបន់ធម្មជាតិ ដើម្បីទៅដល់កំពូលភ្នំ ដោយបានទស្សនាទេសភាពបានយ៉ាងរីករាយ និងធំល្វឹងល្វើយ ដែលជារឿយៗត្រូវបានគ្របដណ្តប់ដោយអ័ព្ទ និងពពក។ តំបន់ទេសភាពនិងភាពស្ងប់ស្ងាត់នៅតំបន់នោះ គឺជាផ្នែកមួយនៃភាពទាក់ទាញដ៏ពិសេសរបស់វា។
លោកស្រី Daniella Chehade បានចាត់ទុកថា តំបន់ភ្នំខ្នងផ្សារក៏កំពុងក្លាយជាគំរូមួយនៃរបៀប ដែលការអភិរក្សគោលដៅលម្ហែបៃតងដែលជួយគារពារបរិស្ថាន និងការអភិវឌ្ឍសហគមន៍ ដែលអាចដើរទន្ទឹមគ្នា។
អ្នកទេចរណ៍ប្រមាណ ៥,០០០ នាក់បានទៅទស្សនានៅទីនោះក្នុងឆ្នាំ២០២៥។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែ ៣ ខែដំបូងនៃឆ្នាំ ២០២៦ ភ្ញៀវទេសចរប្រមាណ ២០,០០០ នាក់បានធ្វើដំណើរទៅកាន់ខ្នងផ្សារ ដែលជាចំនួនកើនឡើង ៤ដង បើប្រៀបធៀបនឹងកម្រិត ដែលបានកត់ត្រាទុកពេញមួយឆ្នាំមុន។ ការកើនឡើងយ៉ាងរហ័សនេះ កំពុងបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកក្នុ ងការរកប្រាក់ចំណូល តាមរយៈការធ្វើជាអ្នកនាំផ្លូវ ការដឹកជញ្ជូន ម្ហូបអាហារ កន្លែងស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរនេះបាននាំមកនូវសារដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញ ពីភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការបង្កើនគម្របបៃតង និងការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពរបស់កម្ពុជា។ ជាក់ស្តែង ការវាយតម្លៃពីស្ថាប័ន និងអ្នកជំនាញអន្តរជាតិខាងលើ គឺកើតចេញពីគ្រឹះនយោបាយបរិស្ថានដ៏រឹងមាំ ដែលបន្សល់ទុកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (https://www.google.com/goto?url=CAESjAEB6zswFUVoAskLUJhq2wc3xDz0bLLK1tOdsBvohLjUIfnfW9k_PorjgjnPg__ExDbN60VurB8LjoEoCR_eTkNolI73VmFVQ5qwSldboaMQhq1__NIWDpsn7cmIVuZpbaknFS7oW2aK4jUcj8ZYFhusSz7zkQth4akGzbVCcVXBShYrlr8HSPjcdJshGQ) (ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី) តាមរយៈការបង្កើតតំបន់ការពារធម្មជាតិគ្របដណ្តប់រហូតដល់ប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ប្រទេស។
ជាមួយគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (https://www.google.com/goto?url=CAESlAEB6zswFb9dF_fWHRj0rXgMGz70Ac5YlPoOjNOHl8mY8G8mw2JnsFMuTRiFR2eTC9tYi4rCB6xcJE29MUS0lxG3HfPi8dFcmS5G0jPeaz4kwlsRhR7ahZpn7FEFZdrcFstaAeZpx079us_D1obEWDFEkBpxWD6A9osYECKZtGWGCX7kum9YuqyxL-uqontwCvNVvDfM) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» យ៉ាងម៉ឺងម៉ាត់ ដោយដាក់ចេញនូវយុទ្ធនាការ ដាំកូនឈើឡើងវិញយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ និងបន្តពង្រឹងការអនុវត្តច្បាប់ការពារព្រៃឈើ-សត្វព្រៃតឹងរ៉ឹង និងកិច្ចសហការពីភាគីពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាសហគមន៍ ដើម្បីធានាឱ្យធនធានធម្មជាតិស្ថិតស្ថេរតជំនាន់៕















