ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៨០គ្រួសារ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
02-10-2026 21:38
(ពោធិ៍សាត់)៖ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់, លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិកា និងមន្ត្រីប្រតិបត្តិសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងប្រឈមខ្លាំងជាងគេ ដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅ ចំនួន១៨០គ្រួសារ ស្ថិតនៅវត្តសាមគ្គីរង្សី ហៅវត្តទឹកចេញ ក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ។
ក្នុងពិធីសំណេះសំណាលនោះ ប្រជាពលរដ្ឋរងគ្រោះទាំង១៨០គ្រួសារ បានទទួលអំណោយមនុស្សធម៌ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស និងទឹកត្រី១យួរ។ ទន្ទឹមនឹងនោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានប្រគេនទានដល់វត្តសាមគ្គីរង្សី (ហៅវត្តទឹកចេញ) នូវអង្ករ៦០គីឡូក្រាម, មី៣កេស, ទឹកត្រី៣យួរ និងបច្ច័យចំនួន៥០ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះ លោក ហៀម ឃួន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខា និងលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ដោយជានិច្ចកាលថ្នាក់ដឹកនាំទាំងទ្វេ តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារ ឬរងគ្រោះដោយមិនមានការជួយជ្រោមជ្រែងនោះឡើយ»។ សកម្មភាពមនុស្សធម៌ គឺត្រូវធ្វើឡើងដោយមិនប្រកាន់ពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីទាំងអស់។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់បន្ថែមថា ទោះបីជាអំណោយដែលបាននាំយកមកនាពេលនេះ មានចំនួនតិចតួចមែនទែន ប៉ុន្តែវាគឺជាទឹកចិត្ត និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនបានមួយកម្រិត។ អាស្រ័យហេតុនេះ លោកសូមឲ្យពលរដ្ឋទាំងអស់គ្នាបន្តរក្សាភាពអត់ធ្មត់ មានសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន និងចាត់ទុកថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺជាក្រុមគ្រួសារតែមួយ ដែលមិនធ្លាប់បោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។
លោក ហៀម ឃួន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត តាមគន្លង «តិចខ្លាញ់ តិចស្ករ តិចអំបិល និងបង្កើនការហាត់ប្រាណ» ដើម្បីការពារសុខភាព និងជៀសផុតពីជំងឺរ៉ាំរ៉ៃផ្សេងៗ ព្រមទាំងបន្តតស៊ូបង្កើនការចិញ្ចឹមជីវិតដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសោភណ្ឌភាព បរិស្ថានអនាម័យ ទុកដាក់សំរាមក្នុងមូលដ្ឋានឱ្យបានត្រឹមត្រូវ និងជួយដាំដើមឈើ ឬផ្កាលម្អយ៉ាងហោចណាស់ ១ដើម នៅតាមលំនៅឋានរៀងៗខ្លួន ដើម្បីរួមចំណែកបង្កើតបរិស្ថានបៃតង និងខ្យល់អាកាសបរិសុទ្ធក្នុងសហគមន៍ផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រគរ បានឱ្យដឹងថា បន្ទាប់ពីភ្លៀងបានចាប់ផ្តើមធ្លាប់ជាប់ៗគ្នា ពីថ្ងៃទី២០ ខែកញ្ញា បង្កជាជំនន់ទឹកភ្លៀង រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ពោលគឺក្រោយពេលទឹកជំនន់បានស្រកចុះ ក្រុមការងារចុះពិនិត្យស្រាវជ្រាវបានរកឃើញថា មានឃុំចំនួន៦ (ស្មើនឹង៨ភូមិ) បានរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមាន៖ ខូចខាតផ្លូវក្រួសក្រហម ចំនួន៦កន្លែង សរុបប្រវែង៥៧២ម៉ែត្រ, ខូចខាតផ្លូវដីស ចំនួន២កន្លែង សរុបប្រវែង២១៥ម៉ែត្រ, ទឹកហូរច្រោះ និងស្រុតលូ ចំនួន៧កន្លែង, ច្រោះក្បាលស្ពាន ចំនួន១កន្លែង និងច្រោះជើងទេរផ្លូវ ប្រវែង៦៣០ម៉ែត្រ។ ចំពោះឃុំឈើតុំ គឺរងគ្រោះ និងប្រឈមខ្លាំងជាងគេ ដែលបណ្តាលឱ្យដាច់ផ្លូវក្រួសក្រហម ១កន្លែង ២០០ម៉ែត្រ, ច្រោះក្បាលស្ពាន ១កន្លែង ប្រវែង៣០ម៉ែត្រ និងព្រោះលូ ១កន្លែង នៅភូមិទានព្រៃ៕


































