FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ឈាង រ៉ា៖ គម្រោងផ្សាំសរីរាង្គផ្នែកតម្រងនោម លេចជារូបរាងជាផ្លូវការនៅកម្ពុជា ហើយជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់វិស័យសុខាភិបាល និងជាចំណុចចាប់ផ្តើមដ៏រឹងមាំ

02-10-2026 21:08

(ភ្នំពេញ)៖ ក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិស្តីពីការវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់វិស័យសុខាភិបាល និងជាចំណុចចាប់ផ្តើមដ៏រឹងមាំ ក្នុងការធ្វើឱ្យគម្រោងផ្សាំសរីរាង្គ ផ្នែកតម្រងនោមលេចជារូបរាងឡើងជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ក្នុងការធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ សំដៅជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងក្នុងសិក្ខាសាលានាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះទៀតថា «គម្រោងការវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត» គឺជាសមិទ្ធផលបន្ថែម និងជាជំហានថ្មីមួយដ៏សំខាន់ ឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការអភិវឌ្ឍន៍នៃបច្ចេកទេសវេជ្ជសាស្ត្រសម្រាប់ព្យាបាលអ្នកជំងឺមានសភាពស្មុគស្មាញនៅកម្ពុជា។ លើសពីនេះគឺជា បេសកកម្មរបស់យើងមានគោលដៅសំខាន់ទី១ គឺផ្តល់នូវអត្ថប្រយោជន៍សម្រាប់អ្នកជំងឺ»។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងទៀតថា ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពពាក់ព័ន្ធនឹងជំងឺតម្រងនោមដំណាក់កាលចុងក្រោយមួយចំនួន ត្រូវការការលាងឈាមក្នុងរយៈពេលវែង ហើយសម្រាប់អ្នកជំងឺដែលមានលក្ខខណ្ឌសមស្រប ការប្តូរតម្រងនោមអាចជាជម្រើសព្យាបាលដ៏សំខាន់មួយ។ ការវះកាត់ប្តូរតម្រងនោមប្រកបដោយគុណភាព និងសុវត្ថិភាពនៅប្រទេសកម្ពុជា នាំយកនូវសេវាព្យាបាលកម្រិតខ្ពស់មកជិតប្រជាពលរដ្ឋរបស់យើង។

ជាមួយបច្ចេកទេសវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម)នេះ តម្រូវឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសវេជ្ជសាស្ត្រច្បាស់លាស់ទៅតាមជំនាញឯកទេសនីមួយៗ ដូចជា ជំនាញវះកាត់ប្រព័ន្ធម៉ូត្រសាស្រ្ត និងតម្រងនោម ជំនាញធ្វើរោគវិនិច្ឆ័យតម្រងនោម ជំនាញផ្នែកមន្ទីរពិសោធន៍លើប្រព័ន្ធភាពស៊ាំសរីរាង្គ (Immunologie System) និងជំនាញផ្នែកសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ជាដើម។ សារគន្លឹះរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ក្រុមគ្រូពេទ្យត្រូវប្រកាន់ខ្ចប់ គោលការណ៍ ៤ គឺ «ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ត្រូវធានាសុវត្ថិភាពខ្ពស់ ត្រូវមានសីលធម៌ និងត្រូវមានសមធម៌ក្នុងការបម្រើសេវា»។

លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានសង្គត់ធ្ងន់ទៀតថា «ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាពរបស់ប្រទេសជាតិ»។

ឆ្លៀតនៅក្នុងឱកាសនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តបារាំង ជាពិសេសថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យ Hospices civils de Lyon ដែលបានខិតខំផ្តួចផ្តើម និងចូលរួមគាំទ្រគម្រោងផ្សាំសរីរាង្គ (តម្រងនោម) នៅកម្ពុជា។ គម្រោងផ្សាំសរីរាង្គ (តម្រងនោម) ឆ្លងកាត់ដំណាក់កាលកសាងសមត្ថភាពដ៏ធំមួយ និងថ្មី ដែលត្រូវបញ្ចូលក្នុងប្រព័ន្ធសុខាភិបាល និងជាកិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់ (មិនមែនធ្វើតែមួយលើករួចឈប់នោះទេ)។

សូមជម្រាបថាក្នុងពិធីខាងលើនេះមានការអញ្ជើញចូលរួមពីប្រធានផ្នែកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងសាកលវិទ្យាល័យនៃស្ថានទូតបារាំង ប្រចាំកម្ពុជា និងប្រតិភូនៃមន្ទីរពេទ្យ Hospices Civils de Lyon ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងអង្គភាពពាក់ព័ន្ធ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល៕