FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

02-10-2026 20:47

(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក និងដាក់ចេញទិសដៅការងារសម្រាប់អនុវត្តបន្ត។

ពិធីនេះ មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង លោក អ៊ំ ពូមីង ជានិវត្តជន ព្រមទាំងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ និងសមាជិក សមាជិកាគណបក្សក្រសួងទេសចរណ៍ សរុបប្រមាណជាង ៦០០នាក់។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានលើកឡើងថា ការងារគណបក្ស និងការងាររដ្ឋត្រូវដើរទន្ទឹមគ្នា។ លោកបានបញ្ជាក់ថា តាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការរំដោះប្រទេសនៅថ្ងៃទី៧ ខែមករា និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ បាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដី ដែលជាមូលដ្ឋានសម្រាប់សមិទ្ធផល និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍ និងការចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលក្នុងវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន កើតចេញពីការរួមចំណែករបស់គ្រប់ផ្នែក និងគ្រប់ថ្នាក់ ចាប់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សគ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមដឹកនាំ និងអនុវត្តសកម្មភាពការងារតាមផែនការដែលបានដាក់ចេញ ដោយបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកប្រធានបានសង្កត់ធ្ងន់ថា សមាជិកបក្សត្រូវយល់ដឹងឱ្យបានច្បាស់អំពីប្រវត្តិ លក្ខន្តិកៈ ស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស និងសមិទ្ធផលដែលសម្រេចបានជូនប្រទេសជាតិ ជាពិសេសក្នុងរយៈពេល៤៦ឆ្នាំកន្លងមក ព្រមទាំងត្រូវប្តេជ្ញាការពារសមិទ្ធផលជាប្រវត្តិសាស្ត្រទាំងអស់នោះឱ្យបានគត់ម៉ត់។

ក្នុងឱកាសនេះដែរ លោក ហួត ហាក់ បានថ្លែងនូវការគោរពដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកបានសម្តែងការគោរព និងអំណរគុណចំពោះគំរូវីរភាព និងទឹកចិត្តស្នេហាជាតិ ស្រឡាញ់ប្រជាជន របស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់ និងបូជាកម្លាំងកាយចិត្ត ក្នុងការតស៊ូនៅគ្រប់កាលៈទេសៈ និងតែងតែឈរជាប់ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។ លោកចាត់ទុកថា នេះជាគុណបំណាច់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន និងត្រូវចងចាំជានិច្ច។

ជាមួយគ្នានេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក ហួត ហាក់ បានឧទ្ទិសកុសលផលបុណ្យ និងបួងសួងគោរពជូនវិញ្ញាណក្ខន្ធវីរកងទ័ព ប្រជាជនភៀសសឹក អតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍គ្រប់ជំនាន់ ដែលបានទទួលមរណភាព សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោក ហួត ហាក់ តែងយកចិត្តទុកដាក់ចំពោះអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ដែលបានចូលនិវត្តន៍។ ជារៀងរាល់ឆ្នាំ លោកបានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនចំនួន២លើក គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ។

ការជួបជុំទាំងនេះ មានគោលបំណងបង្ហាញពីការគោរពដឹងគុណ និងការចងចាំចំពោះការលះបង់ និងការរួមចំណែករបស់មន្ត្រីរៀមច្បងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងពង្រឹងចំណងសាមគ្គីភាព ភាពស្និទ្ធស្នាល និងការផ្សារភ្ជាប់រវាងមន្ត្រីគ្រប់ជំនាន់ ក្នុងស្មារតីជាមហាគ្រួសារក្រសួងទេសចរណ៍៕