ប្រធានាធិបតីឥណ្ឌូណេស៊ី តែងតាំងមហាសេដ្ឋី និងមេដឹកនាំឥស្លាម ចូលក្រុមប្រឹក្សាពិគ្រោះយោបល់ (Video inside)
02-10-2026 20:23
(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) នៅថ្ងៃសុក្រនេះ បានតែងតាំងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ថ្មី ដែលមានសុទ្ធតែមហាសេដ្ឋី អ្នកនយោបាយ និងអតីតមេដឹកនាំឥស្លាមដ៏មានឥទ្ធិពល ចំពេលប្រជាប្រិយភាពរបស់លោកកំពុងធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
ក្នុងចំណោមសមាជិកថ្មីទាំង ២៤ នាក់ មានមហាសេដ្ឋីល្បីៗដូចជា លោក Dato Sri Tahir ស្ថាបនិក Mayapada Group និងលោក Chairul Tanjung ស្ថាបនិក CT Corp រួមទាំងអតីតថ្នាក់ដឹកនាំ ២ រូបនៃអង្គការឥស្លាមធំបំផុត Nahdlatul Ulama ព្រមទាំងអ្នកនយោបាយជាន់ខ្ពស់ ៤ នាក់មកពីបក្សសម្ព័ន្ធមិត្តរបស់លោក ប្រាបូវ៉ូ។
ការតែងតាំងនេះ ធ្វើឡើងក្រោយការរុះរើគណៈរដ្ឋមន្ត្រី ២ លើកក្នុងរយៈពេល ៣ សប្តាហ៍ ដែលបានផ្លាស់ប្តូររដ្ឋមន្ត្រីហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីការបរទេស។ អ្នកវិភាគនយោបាយ លោក Arya Fernandes នៃមជ្ឈមណ្ឌល CSIS យល់ឃើញថា នេះជាការប្រមូលកម្លាំងដើម្បីពង្រឹងខ្នងបង្អែកនយោបាយរបស់លោក ប្រាបូវ៉ូ ស្របពេលពលរដ្ឋ និងក្រុមវិនិយោគិនកំពុងបារម្ភពីរឿងគោលនយោបាយ និងការធ្លាក់ចុះប្រជាប្រិយភាពរបស់រដ្ឋាភិបាល។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងចំណោមសមាជិកថ្មី ក៏មានវត្តមានលោក Anwar Usman អតីតប្រធានតុលាការធម្មនុញ្ញ ដែលធ្លាប់ត្រូវដកតំណែងពីរឿងអាស្រូវបំពានក្រមសីលធម៌ ដើម្បីជួយបើកផ្លូវឱ្យក្មួយប្រុសខ្លួន គឺលោក Gibran Rakabuming Raka អាចឈរឈ្មោះជាអនុប្រធានាធិបតីរបស់លោក ប្រាបូវ៉ូ ក្នុងការបោះឆ្នោតឆ្នាំ២០២៤៕
