រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង រៀបចំសម្រាប់ឱ្យជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
02-10-2026 18:02
(កណ្តាល)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារការពារជនរងគ្រោះ បានលើកឡើងថា មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង រៀបចំសម្រាប់ឱ្យជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សម្រាប់ផ្តល់សេវាថែទាំ ស្នាក់នៅរយៈពេលខ្លី និងរយៈពេលវែងមុននឹងធ្វើសមាហរណកម្មទៅសហគមន៍វិញ ។
លោកបន្តថា ជនរងគ្រោះដែលទទួលសេវានៅក្នុងមជ្ឈមណ្ឌលខាងលើ ត្រូវទទួលការថែទាំពេញលេញក្នុងរយៈពេលមួយសមស្រប។ មជ្ឈមណ្ឌលនេះ ត្រូវធានាឱ្យមានការបញ្ជូនទៅរកសេវាផ្សេងៗ ទៅតាមតម្រូវការរបស់ជនរងគ្រោះដូចជា សេវាថែទាំផ្នែកវេជ្ជសាស្ត្រ ចិត្តសាស្ត្រ ឬសេវាច្បាប់សម្រាប់ទទួលបានសំណង ជាដើម។ល។ ការបញ្ជូនទៅរកសេវាត្រូវធ្វើឡើងផ្អែកលើការសម្រេចចិត្តផ្ទាល់របស់ជនរងគ្រោះ និងផ្អែកលើតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះនៅក្នុងគ្រប់ដំណាក់កាលផ្តល់ជំនួយទាំងអស់។
ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងពីធីប្រគល់-ទទួលអគារជម្រកស្នាក់នៅស្តី្ររងគ្រោះដោយអំពើជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៃមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង រៀបចំធ្វើនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។
លោក ជា សុមេធី បានបន្ថែមថា បេសកកម្មរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើតួនាទីសំខាន់ក្នុងការផ្តល់សេវាគាំពារដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ មិនថាជនទាំងនោះស្ថិតក្នុងការរងហានីភ័យណាមួយនោះឡើយ ពិសេសជនរងគ្រោះដោយអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងទម្រង់ផ្សេងៗនៃការរំលោភបំពាន ទោះបីហេដ្ឋារចនាសម្ព័ន្ធខ្លះត្រូវបានកែសម្រួល យោងតាមតម្រូវការជាក់ស្តែង ប៉ុន្តែគោលបំណងសំខាន់ នៅតែបន្តបេសកកម្ម ដោយគិតគូរពីឧត្តមប្រយោជន៍ដល់ជនរងគ្រោះ ពិសេសស្រមតាមអភិក្រម ដោយមិនបង្កការគ្រោះថ្នាក់ដល់ជនរងគ្រោះ ផ្តល់សិទ្ធិដល់ជនរងគ្រោះដោយយកជនរងគ្រោះជាមជ្ឈមណ្ឌល និងគិតគួពីការប៉ះទង្គិចផ្លូវចិត្តដល់ជនរងគ្រោះ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង សាងសង់ឡើងក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ(គូសាណូណិ)សាងសង់អគារចំនួន២ខ្នង ដែលមានទឹកប្រាក់សរុបចំនួន១៤០,៧៨១ ដុល្លារសហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិបាគូ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង មានទំហំដីជិត១ហិកតា៕
































