រដ្ឋមន្ត្រី ថោ ជេដ្ឋា អំពាវនាវឱ្យរស់នៅជាមួយធម្មជាតិ និងគ្រប់គ្រងទឹកឱ្យបានល្អ, ការអភិវឌ្ឍមិនគិតពីធម្មជាតិ អាចបង្កើតបញ្ហាសម្រាប់មនុស្សនៅថ្ងៃអនាគត
02-10-2026 17:07
(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីធនធានទឹក និងឧត្តុនិយម តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានលើកឡើងថា យើងមិនអាចបញ្ឈប់ភ្លៀងមិនឱ្យធ្លាក់បានទេ។ ប៉ុន្តែយើងអាចរៀបចំទីក្រុងជនបទ ហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់យើង ឱ្យអាចទទួល និងគ្រប់គ្រងទឹកបានកាន់តែល្អ។ ការអភិវឌ្ឍដែលមិនគិតពីធម្មជាតិ អាចបង្កើតបញ្ហាសម្រាប់មនុស្សនៅថ្ងៃអនាគត។ ការអភិវឌ្ឍដែលគោរពធម្មជាតិ គឺជាការការពារជីវិត និងទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានបន្ថែមថា ជាមេរៀនសម្រាប់យើងទាំងអស់គ្នា។ ធម្មជាតិត្រូវការការថែទាំ និងការយល់ដឹងពីយើងទាំងអស់គ្នា។ ប្រសិនបើយើងមិនចេះយោគយល់ និងគោរពធម្មជាតិទេ នោះធម្មជាតិក៏នឹងឆ្លើយតបមកយើងវិញតាមរបៀបដែលយើងមិនអាចគេចផុតបាន។
រដ្ឋមន្ត្រីធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីទីក្រុង និងជនបទជាច្រើនត្រូវបានជន់លិច ដោយសារជំនន់ទឹកភ្លៀងដែលធ្លាក់ចុះក្នុងបរិមាណច្រើនលើសធម្មតា សំណួរដែលយើងត្រូវសួរខ្លួនឯងមិនមែនត្រឹមតែថា «តើយើងត្រូវជម្លៀសទឹកចេញដោយរបៀបណា?» ប៉ុណ្ណោះទេ ប៉ុន្តែថា «តើយើងត្រូវរស់នៅជាមួយធម្មជាតិដោយរបៀបណា?»
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវធ្វើទាំងការងារបន្ទាន់ និងការងាររយៈពេលវែង៖
*រៀបចំប្រព័ន្ធរំដោះទឹក និងប្រព័ន្ធលូឱ្យមានសមត្ថភាពគ្រប់គ្រាន់ ស្របតាមស្ថានភាពអាកាសធាតុថ្មី
*រក្សាទុកតំបន់ធម្មជាតិ អាងស្តុកទឹក បឹង ស្រះ និងតំបន់ទំនាប ដែលជាកន្លែងទទួលទឹកធម្មជាតិ។
*កុំឱ្យការអភិវឌ្ឍទីក្រុង និងការសាងសង់រាំងខ្ទប់ផ្លូវទឹកធម្មជាតិ
*បង្កើនការដាំដើមឈើ និងការការពារព្រៃឈើ ដើម្បីជួយស្រូបទឹក និងកាត់បន្ថយការហូរច្រោះ
*ពង្រឹងប្រព័ន្ធព្យាករណ៍ និងព្រមានជំនន់ ដើម្បីឱ្យប្រជាពលរដ្ឋអាចត្រៀមខ្លួនបានទាន់ពេលវេលា
*សំខាន់ជាងនេះ គឺត្រូវផ្លាស់ប្តូររបៀបគិតពី «ការប្រយុទ្ធជាមួយទឹក» ទៅជា «ការគ្រប់គ្រង និងរស់នៅជាមួយទឹក»។
«ធម្មជាតិមិនមែនជាសត្រូវរបស់យើងទេ។ ធម្មជាតិគឺជាផ្នែកមួយនៃជីវិតរបស់យើង។ ហើយការថែរក្សាធម្មជាតិ គឺជាការថែរក្សាអនាគតរបស់យើង។
ថ្ងៃនេះខ្ញុំនឹងក្រុមកំពុងរកវិធានការដោះស្រាយជូនបងប្អូនតែទទួលរងគ្រោះដោយទឹកជំនន់»។ នេះជាការថ្លែងបន្ថែមរបស់លោករដ្ឋមន្ត្រី ថោ ជេដ្ឋា៕


