FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ នាំយកម៉ូតូ១០០គ្រឿង និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកម្លាំងនគរបាលជួរមុខទិសភូមិភាគទី៤ ខេត្តព្រះវិហារ

02-10-2026 16:58

(ព្រះវិហារ)៖ អនុវត្តតាមអនុសាសន៍ដឹកនាំ ក៏ដូចជាការយកចិត្តទុក្ខដាក់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំពោះកងកម្លាំងនគរបាលការពារព្រំដែន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកម៉ូតូ១០០គ្រឿង ព្រមទាំងគ្រឿងឧបភោគបរភោគមួយចំនួន ប្រគល់ជូនដល់កងកម្លាំងនគរបាលជួរមុខ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងសហការី ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ និងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បាននាំយកនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលជួរមុខ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ក៏ដូចជាកងកម្លាំងនគរបាលការពារព្រំដែននៅទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានគូសបញ្ជាក់ថា ការនាំយកនូវមធ្យោបាយ និងគ្រឿងឧបភោគបរិភោគមកប្រគល់ជូននាពេលនេះ ស្តែងចេញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់កងកម្លាំង ជាពិសេសការផ្តល់នូវកម្លាំងចិត្ត ភាពកក់ក្តៅ និងក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសនាយឧត្តមសេនីយ៍ ស ថេត ដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលកំពុងលះបង់ស្មារតី ពេលវេលា និងកម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

បើតាមលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ, អំណោយទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើអង្គាភាព ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសជួយសម្រាលបន្ទុកមួយចំនួនរបស់កងកម្លាំង ក្នុងកាលៈទេសៈចាំបាច់ផ្សេងៗ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្ដមសេនីយ៍ឯក ហែម សុវត្ថិ និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកពីការងារ ចុះមកសួរសុខទុក្ខ និងនាំយកមធ្យោបាយ និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនកងកម្លាំងដោយផ្ទាល់។

សកម្មភាពដ៏មនុស្សធម៌នេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារទឹកដីនៅតាមព្រំដែន៕