FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងមន្ដ្រីគយ និងរដ្ឋាករ កាន់បិណ្ឌវេនទី៦ នៅវត្តពិភន្ទរង្សី ហៅវត្តចិនដំដែក ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី

02-10-2026 16:53

(ភ្នំពេញ)៖ លោកស្រី ហេង សំអូន, លោក ចាន់ សុភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោកស្រី ប៉ាន់ ត្រាប្រណី ភរិយារបស់បណ្ឌិត គុណ ញឹម រួមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីគយនិងរដ្ឋាករ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសូត្រមន្តនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងឱកាសកាន់បិណ្ឌវេនទី៦ នៅវត្តពិភន្ទរង្សី (ហៅវត្តចិនដំដែក) រាជធានីភ្នំពេញ។

លុះដល់ព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោកស្រី ហេង សំអូន, លោក ផា អេងវ៉េង, លោក គាំ ច័ន្ទកុសល, លោក សុខ សុវិទ្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករបានប្រគេនយាគូព្រះសង្ឃ ចំនួន ៣២អង្គ រួចនមស្ការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល វេរភត្ដាហារប្រគេនព្រះសង្ឃ និងពហូទេវាដារឆ្លង ជាកិច្ចបញ្ចប់ពិធីបុណ្យ។

នៅក្នុងឱកាសនោះ ក៏មានការចែកទានដល់លោកតាអាចារ្យ និងគណៈកម្មការវត្តចំនួន ១២នាក់ យាយជី ចំនួន ៥នាក់ យាយស្មូត ១នាក់ និងសិស្ស-និស្សិតបម្រើការងារចំនួន ៥៤នាក់ ផងដែរ។

ពិធីបុណ្យកាន់បិណ្ឌនេះ ធ្វើឡើងដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធមន្ដ្រីរាជការគយ និង រដ្ឋាករដែលបានចែកឋានទៅកាន់បរលោក និងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាលជាតិដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិមុខ ព្រមទាំងញាតិទាំង ៧សណ្ដាន និងតំណញាតិច្រើនមហាកប្បនោះផងដែរ៕