FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ទីកឃ័រចំណាំងផ្លាតចំនួន ៣០០សន្លឹក ត្រូវបានក្រុមការងារ នៃមន្ទីរសាធារណការខេត្តព្រះវិហារ ចុះបិទលើបង្គោលការដ្ឋានជួសជុល និងពង្រីកផ្លូវជាតិលេខ៦២ ក្នុងក្រុងព្រះវិហារ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍

02-10-2026 16:40

(ព្រះវិហារ)៖ ដើម្បីចូលរួមពង្រឹងសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានចុះបិទ «ស្ទីកឃ័រចំណាំងផ្លាត» ចំនួន ៣០០សន្លឹក លើបង្គោលការដ្ឋានជួសជុល និងពង្រីកផ្លូវជាតិលេខ៦២ ក្នុងក្រុងព្រះវិហារ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា ការចុះបិទស្ទីកឃ័រចំណាំងផ្លាតលើបង្គោលការដ្ឋានជួសជុលផ្លូវមានសារៈសំខាន់ណាស់ ជាពិសេសក្នុងពេលដែលពិធីបុណ្យភ្ជុំបិណ្ឌ កាន់តែខិតជិតមកដល់ ដែលនឹងមានប្រជាពលរដ្ឋធ្វើដំណើរច្រើនទាំងក្នុងក្រុង និងតាមបណ្តោយផ្លូវជាតិ ដូច្នេះក្រុមការងារត្រូវបន្តពិនិត្យ និងរៀបចំសុវត្ថិភាពនៅតាមទីតាំងការដ្ឋានឱ្យបានល្អ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះអ្នកធ្វើដំណើរ។

លោក សំ លាងទ្រី បានថ្លែងណែនាំក្រុមការងារឱ្យយកចិត្តទុកដាក់ក្នុងការបិទស្ទីកឃ័រចំណាំងផ្លាតនៅតាមបង្គោលការដ្ឋាន និងទីតាំងដែលអាចបង្កការលំបាកដល់អ្នកធ្វើដំណើរ ជាពិសេសនៅពេលយប់ ដើម្បីឱ្យអ្នកបើកបរអាចមើលឃើញសញ្ញាសម្គាល់ការដ្ឋានបានច្បាស់ និងបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋាន។

លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា ការងារសុវត្ថិភាពនៅតាមដងផ្លូវ មិនមែនមានត្រឹមការដាក់ស្លាកសញ្ញា ឬបិទស្ទីកឃ័រចំណាំងផ្លាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមពីអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដោយអ្នកបើកបរត្រូវប្រុងប្រយ័ត្ន គោរពស្លាកសញ្ញាចរាចរណ៍ គោរពល្បឿនកំណត់ និងផ្តល់អាទិភាពដល់សុវត្ថិភាពជាចម្បង។

លោក សំ លាងទ្រី បានអំពាវនាវប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា បើកបរដោយមានស្មារតីទទួលខុសត្រូវ មិនបើកបរលឿនហួសកំណត់ មិនបើកបរនៅពេលស្រវឹង និងត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋាន ឬផ្លូវដែលមានសភាពមិនទាន់ល្អប្រសើរ។

លោក សំ លាងទ្រី បានថ្លែងទៀតថា៖ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរតែងយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនមានភាពងាយស្រួល។

លោកបញ្ជាក់ទៀតថា ក្រោយភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារបានចាប់ផ្តើមជួសជុស ថែទាំផ្លូវដែលរងការខូចខាតនានាដោយជំនន់ទឹកភ្លៀងភ្លាមៗដែរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយស្រួល ពិសេសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕