ឆ្នាំ២០២៦ ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» រយៈពេល២ថ្ងៃ នៅចុងខែតុលានេះ
02-10-2026 16:35
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃ ទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងត្រៀមរៀបចំកម្មវិធីចុះសួរសុខទុក្ខវីរៈកងទ័ព នៅសមភូមិជួរមុខផងដែរ។
ក្នុងឱកាសនោះលោក សួន សុម៉ាលីន បានលើកឡើងអំពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងនៅខាងមុខនេះ ហើយបានបែងចែកគណៈកម្មការមួយៗដើម្បីទទួលរៀបចំទៅតាមផ្នែករបស់ខ្លួន ដោយធ្វើយ៉ាងណា ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រពៃណីជាតិដ៏ធំនេះប្រព្រឹត្តទៅដោយភាពរលូន សប្បាយរីករាយ និងមានសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ក្នុងនោះ គណៈកម្មការរៀបចំត្រូវយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងចរាចរណ៍ ការរៀបចំកន្លែងអង្គុយទស្សនា កន្លែងលក់ដូរ និងការអនាម័យបរិស្ថានក្នុងក្រុងព្រៃវែង។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំ និងផ្តល់អនុសាសន៍យ៉ាងម៉ត់ចត់ដល់គ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការគ្នាឱ្យជិតស្និទ្ធ និងយកចិត្តទុកដាក់ខ្ពស់បំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីជាតិ និងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើនកុះករក្នុងខេត្តព្រៃវែងផងដែរ៕





















