ក្រសួងការងារ អំពាវនាវឱ្យប្រជាពលរដ្ឋយោគយល់ ក្នុងករណីរមណីយដ្ឋាន មណ្ឌលកម្សាន្ត ឬភោជនីយដ្ឋាននានា បម្រើសេវាកម្មយឺតយ៉ាវ ឬខ្វះខាត អំឡុងបុណ្យភ្ជុំបិណ្ឌខាងមុនេះ (Video inside)
02-10-2026 16:36
(ភ្នំពេញ)៖ ខណៈពេលពិធីបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់ បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេសភាគច្រើនបាននឹងកំពុងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាមទំនៀម ទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ប្រកបដោយភាពសប្បាយរីករាយ។
ជាមួយគ្នានេះ បងប្អូនកម្មករនិយោជិតមួយចំនួន ដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា នឹងមានភាពមមាញឹក ទ្វេដងក្នុងការផ្តល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និងសាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យដល់បងប្អូនកម្មករនិយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយក្នុងអំឡុងពេលនេះ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ ខ្លួនបំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ។
ទន្ទឹមនឹងនេះ ក្នុងនាមបងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងក៏សូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេល វេលាផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គមនៅក្នុងអំឡុងពេលឈប់សម្រាកនេះ ដើម្បីផ្តល់ឱកាស ដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ អាចមានពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។
ជាថ្មីម្តងទៀត ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ មេត្តាពិនិត្យ បណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀនឱ្យបានល្អមុនពេលចាកចេញពីលំនៅដ្ឋាន ឬបិទទ្វារទីតាំងអាជីវកម្ម របស់ខ្លួន។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនពរ ដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើដំណើរទៅគ្រប់ទីកន្លែងប្រកបដោយ សុខសុវត្ថិភាព និងសូមបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរដោយគោរពច្បាប់ចរាចរណ៍ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ព្រមទាំងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ រៈ កុំបីឃ្លៀងឃ្លាតឡើយ៕


