FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ កោតសរសើរវេទិកាសាធារណៈស្តីពីកិច្ចសន្ទនាសង្គម និងថវិកាឆ្លើយតបយេនឌ័រ

02-10-2026 16:33

(កំពង់ធំ)៖ លោកស្រី សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការកិច្ចការនារី និងកុមារខេត្តកំពង់ធំ បានថ្លែងកោតសរសើរចំពោះអង្គការដៃគូទាំងអស់ ដែលបានសហការរៀបចំវេទិកា សាធារណៈស្តីពីកិច្ចសន្ទនាសង្គមនៅថ្នាក់ខេត្ត ការបែងចែក និងប្រើប្រាស់ថវិកាឃុំ/សង្កាត់ឆ្លើយតបនឹងយេនឌ័រ សេវាសង្គម អនាម័យ និងបរិស្ថាន។ វេទិកានេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។

លោកស្រី សៀង លី បានលើកឡើងថា វេទិកានេះមានសារៈសំខាន់ណាស់ក្នុងការជំរុញការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ និងការលើកកម្ពស់សមភាពយេនឌ័រ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្ត្រនារីរតនៈទី៦។ លោកស្រីបានសង្កត់ធ្ងន់ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំថវិកាឃុំ/សង្កាត់ គឺចាំបាច់ណាស់ដើម្បីធានាបាននូវគណនេយ្យភាព តម្លាភាព និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងក្រុមងាយរងគ្រោះ។

លោក យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ បានបញ្ជាក់ថា គោលបំណងនៃវេទិកានេះគឺដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីតួនាទី និងការសម្របសម្រួល របស់អាជ្ញាធរថ្នាក់ក្រោមជាតិ អំពីមូលនិធិឃុំ/សង្កាត់ឆ្លើយតបនឹងយេនឌ័រ សេវាសង្គម អនាម័យ និងបរិស្ថាន។ លើសពីនេះ ក៏ដើម្បីចែករំលែកបទពិសោធន៍នៃការបែងចែក និងប្រើប្រាស់ថវិកាឃុំ/សង្កាត់ប្រកបដោយតម្លាភាព គណនេយ្យភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកស្រី សៀង លី សង្ឃឹមយ៉ាងមុតមាំថា អ្នកចូលរួម និងអាជ្ញាធរនឹងទទួលបានការយល់ដឹងកាន់តែច្បាស់ពីសេវាសាធារណៈឆ្លើយតបនឹងយេនឌ័រ ដែលអាចជួយបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈ ក្នុងសហគមន៍របស់ខ្លួន តាមរយៈការប្រើប្រាស់ថវិកាឃុំ/សង្កាត់ប្រកបដោយបរិយាប័ន្ន។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គឺជាកត្តាចាំបាច់ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រ ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម៕