ផ្លូវជាតិលេខ៩៤ ក្នុងភូមិសាស្ត្រស្រុកឆែប ឆ្ពោះទៅព្រំដែនកម្ពុជា-ឡាវ ត្រូវបានមន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុលស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
02-10-2026 16:27
(ព្រះវិហារ)៖ ក្រោយអាកាសធាតុមានភាពប្រសើរឡើង និងភ្លៀងបានចាប់ផ្តើមរាំងរយៈពេល ២-៣ថ្ងៃនេះ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តចុះអន្តរាគមន៍ភ្លាមៗដែរ ដោយបញ្ជូនគ្រឿងចក្រចំនួន២ក្រុម ដើម្បីកៀរសម្រួល និងស្តារផ្លូវជាតិលេខ៩៤ ប្រវែងប្រមាណ៦០គីឡូម៉ែត្រ ចាប់ពីស្រុកឆែប រហូតដល់ឃុំកំពង់ស្រឡៅ តំបន់ព្រំដែនកម្ពុជា-ឡាវ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា ក្រោយស្ថានភាពអាកាសធាតុមានភាពប្រសើរឡើង និងគ្មានភ្លៀងធ្លាក់អស់រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរ បានខិតខំប្រឹងប្រែងចុះអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីស្តារស្ថានភាពផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក។
លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មន្ទីរបានបញ្ជូនគ្រឿងចក្រចំនួន២ក្រុម ចុះកៀរសម្រួលផ្លូវជាតិលេខ៩៤ ដែលមានប្រវែងប្រមាណ៦០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យផ្លូវមានសភាពល្អប្រសើរឡើង និងអាចបម្រើការធ្វើដំណើរ ការដឹកជញ្ជូន របស់ប្រជាពលរដ្ឋបានកាន់តែងាយស្រួល។
លោកបានថ្លែងបន្តថា ការចុះអន្តរាគមន៍នេះ គឺមានគោលបំណងស្តារឡើងវិញនូវខ្សែផ្លូវដ៏សំខាន់មួយនេះ បន្ទាប់ពីរងផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ជាពិសេសដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោក សំ លាងទ្រី បានថ្លែងទៀតថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរតែងយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនមានភាពងាយស្រួល។លោកបញ្ពាក់ទៀតថា ក្រោយភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារបានចាប់ផ្តើមជួសជុស ថែទាំផ្លូវដែលរងការខូចខាតនានាដោយជំនន់ទឹកភ្លៀងភ្លាមៗដែរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយស្រួល ពិសេសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៅពេលធ្វើដំណើរ ដើម្បីការពារសុវត្ថិភាពខ្លួនឯង គ្រួសារ និងអ្នកដទៃ។
ជាមួយគ្នានេះ លោក សំ លាងទ្រី បានថ្លែងជូនពរដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមធ្វើដំណើរទៅកាន់ទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួន គ្រួសារ និងអ្នករួមដំណើរនៅលើដងផ្លូវផងដែរ៕



















