កម្លាំងនគរបាលខេត្តកណ្តាល តាមបង្ក្រាបបទល្មើសប្លន់សម្លាប់យកម៉ូតូនៅស្រុកអង្គស្នួល ដោយចាប់ខ្លួនជនល្មើសម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយប្រតិបត្តិការ១០ថ្ងៃ, ជនរងគ្រោះជាបុគ្គលិកធនាគារប្រៃសនីយ៍ សាខាថ្នល់ទទឹង
02-10-2026 15:38
(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល បានបើកប្រតិបត្តិការស្រាវជ្រាវត្រឹមរយៈពេល ១០ថ្ងៃ រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនល្មើសម្នាក់ ក្នុងករណីឃាតកម្មប្លន់យកម៉ូតូ (កាប់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២០៖៥០នាទី នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ រឿន ម៉ារ៉ាឌី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយឡែកបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។
ជនរងគ្រោះឈ្មោះ អោ ពុធរី អាយុ៣៤ឆ្នាំ ជាបុគ្គលិកធនាគារប្រៃសនីយ៍សាខាថ្នល់ទទឹង មានស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ រស់នៅភូមទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាម្គីមុនីជ័យ ខេត្តកំពងស្ពឺ។
វត្ថុតាងចាប់យកស្បែកជើងផ្ទាត់ ០១គូ ពណ៌ខ្មៅ, មួកសុវត្ថិភាពចំនួន០២ ពណ៌ខៀវ ០១ និងពណ៌ខ្មៅ ០១, សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AF-7611, កាបូបស្ពាយដាក់ឯកសារការងារ មួយចំនួន។
ក្រោយពីទទួលបានព័ត៌មានករណីខាងលើភ្លាមដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងក្រោមការសម្របសម្រួលនីតិវិធីពីលោក គុច គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង សហការជាមួយនគរបាកស្រុកអង្គស្នួលដឹកនាំដោយលោក មាន សំណាង បានចុះទៅកាន់កន្លែងកើតហេតុ និងស្រាវជ្រាវរហូតចាប់បានជនល្មើសម្នាក់ឈ្មោះ រឿន ម៉ារ៉ាឌី។
ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុ ខ្លួនបានទំនាក់ទំនងបក្ខពួកតាមឆាត ដើម្បីជួបជុំគ្នានៅចំណុចដីឡូត៍ខាងជើងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយពេលជួបជុំគ្នា ជនសង្ស័យ និងបក្ខពួក បានយកកាំបិតផ្គាក់ចេញពីបន្ទប់ជួល ហើយក៏នាំគ្នាជិះម៉ូតូចំនួន៣គ្រឿង ម៉ាក Honda Dream C125 ចំនួន ០២គ្រឿង និងម៉ាក Suzuki Nex ០១គ្រឿង ជិះសំដៅមកផ្លូវជាតិ៥១ ពេលដល់ចំណុចផ្លូវជាតិលេខ៥១ ខ្លួន និងបក្ខពួកក៏បានឃើញ ម៉ូតូ០១គ្រឿងធ្វើដំណើរម្នាក់ឯង (ពីជើងទៅត្បូង) នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល។
បន្ទាប់មកខ្លួន និងបក្ខពួកបាននាំគ្នាជិះទៅទិសខាងត្បូងបន្តទៀត លុះដល់ខាងត្បូងភ្នំត្មាតពង ជនសង្ស័យ និងបក្ខពួកបានឃើញជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង ពីត្បូងទៅជើង ភ្លាមនោះជនសង្ស័យនិងបក្ខពួកបានជិះម៉ូតូបកត្រឡប់ ដេញតាមជនរងគ្រោះ មកដល់ចំណុចភូមិក្រាំងក្រូច ឃុំទួលព្រេជ ជនសង្ស័យ និងបក្ខពួក បានយកកាំបិតផ្គាក់កាប់ជនរងគ្រោះតែមិនត្រូវ ហើយជនរងគ្រោះក៏បានជិះម៉ូតូបកត្រឡប់ក្រោយ ពេលនោះបក្ខពួកជនសង្ស័យបានគប់ដាវត្រូវជនរងគ្រោះ ហើយជនរងគ្រោះព្យាយាមជិះម៉ូតូបកត្រឡប់ទៅទិសខាងជើងវិញ តែសភាពរបួសធ្ងន់ធ្ងរពេកក៏បានផ្តួលម៉ូតូចោល។
ភ្លាមៗនោះជនសង្ស័យខាងលើ ក៏បានលើកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើតហេតុ ទៅជួបជុំគ្នានៅចំណុចដីឡូត៍ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយជនសង្ស័យឈ្មោះ ឧត្តម បានយកម៉ូតូរបស់ជនរងគ្រោះទៅលក់នៅភ្នំពេញ។
ជនសង្ស័យបន្តសារភាពទៀតថា ពេលលក់ម៉ូតូរបស់ជនរងគ្រោះបានលុយហើយឈ្មោះ ឧត្តម បានយកលុយចំនួន ២៥០,០០០រៀល មកឱ្យខ្លួន ហើយក៏បានយកលុយនោះបង់ថ្លៃបន្ទប់ជួលអស់ទៅ។
ជនសង្ស័យត្រូវបាននគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយឡែកបក្ខពួកកម្លាំងនគរបាលកំពុងតាមចាប់បន្តទៀត៕













