FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី នាំទេយ្យទាន និងបច្ច័យប្រគេនសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៦

02-10-2026 14:43

(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រចាំឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកទេយ្យទាន និងបច្ច័យមួយចំនួន ថ្វាយប្រគេនចំពោះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តស្វាយពពែ រាជធានីភ្នំពេញ។

ពិធីដ៏មហានក្ខត្តឫក្សនេះ បានប្រព្រឹត្តទៅដោយសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅបំផុត ដើម្បីចូលរួមទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ក្រោមបរិយាកាសរីករាយ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់ លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទេយ្យទាន និងបច្ច័យដែលបានវេរប្រគេននាឱកាសនោះ រួមមាន៖ អង្ករ ៤០បាវ (២៥គីឡូក្រាម), ទឹកបរិសុទ្ធ ១១កេស, មីជាតិ ៦៦កេស, ទឹកត្រី ១១យួរ, ទឹកស៊ីអ៉ីវ ១១យួរ និងបច្ច័យចំនួន ៤ លានរៀល ដែលសរុបថវិកាប្រមាណជាង ១១ លានរៀល។ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាប្រពៃណីដ៏សំខាន់មួយរបស់ខ្មែរ ដែលបង្ហាញពីការដឹងគុណ និងកតញ្ញូតាធម៌ចំពោះបុព្វការីជន និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅ។ ការចូលរួមចំណែកក្នុងពិធីបុណ្យនេះ គឺជាការបន្តរក្សាវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង៕