រយៈពេល១៤ថ្ងៃ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ ៦៨ករណី, បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការ និងដកហូតឈើខុសច្បាប់ ៣៧.៦៤ម៉ែត្រគូប
02-10-2026 12:54
(ភ្នំពេញ)៖ ក្រុមការងារក្រសួងបរិស្ថាន រួមជាមួយមន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋ បានធ្វើការល្បាតសរុបចំនួន ៤៣៨លើក និងបង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៦៨ករណី នៅតាមតំបន់ការពារធម្មជាតិទូទាំងប្រទេស។ សកម្មភាពដ៏មមាញឹកនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលយុទ្ធនាការនេះ ក្រុមការងារបានកសាងសំណុំរឿងចំនួន ៥ករណី ដោយមានជនសង្ស័យចំនួន ៥នាក់ និងបានដកហូតឈើខុសច្បាប់សរុបចំនួន ៣៧.៦៤ម៉ែត្រគូប។
ជាមួយគ្នានេះ ផ្ទៃដីដែលត្រូវបានទន្ទ្រានយកដោយខុសច្បាប់ចំនួន ១៤.៦៩ហិកតា ក៏ត្រូវបានដកហូតមកវិញផងដែរ។ វត្ថុតាងផ្សេងទៀតដែលត្រូវបានរឹបអូសរួមមាន ម៉ូតូចំនួន ១៥គ្រឿង គោយន្ត/រ៉ឺម៉កចំនួន ៧គ្រឿង រថយន្តចំនួន ១គ្រឿង កាំភ្លើងកែច្នៃចំនួន ១៨ដើម អន្ទាក់ចំនួន ៤៥៤ខ្សែ និងលួសបន្លាប្រវែង ៣២១០ម៉ែត្រ ព្រមទាំងសម្ភារៈមួយចំនួនទៀត។
ក្រសួងបរិស្ថានបានប្តេជ្ញាចិត្តបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្ទ្រានយកដីព្រៃក្នុងតំបន់ការពារធម្មជាតិ។
ក្រៅពីនេះ ក្រសួងក៏បន្តលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ផ្តល់ជម្រើសផ្នែកសេដ្ឋកិច្ច និងមុខរបរជូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារ ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើព្រៃឈើ ព្រមទាំងពង្រឹងការដាំស្តារព្រៃ និងការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕











