FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

02-10-2026 12:38

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ បានអះអាងថា កម្ពុជាបានត្រៀមលក្ខណៈយ៉ាងគ្រប់ជ្រុងជ្រោយសម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីសម្របសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការបំពេញបេសកកម្មយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការបញ្ជាក់បែនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលអន្តរជាតិដ៏សំខាន់នេះ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការចុះឈ្មោះប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ហើយនឹងបិទនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ គិតត្រឹមចុងខែកញ្ញា មានស្ថាប័នសារព័ត៌មានចំនួន៤៥ មកពី១៧ប្រទេស បានចុះឈ្មោះជាមុនរួចហើយ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រំពឹងថាអ្នកសារព័ត៌មានជាតិប្រមាណ ៥០០នាក់នឹងចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលចូលរួម នឹងទទួលបានការសម្របសម្រួលតាមរយៈប្រព័ន្ធចុះឈ្មោះ និងការទទួលស្គាល់ជាផ្លូវការ ការផ្តល់ប័ណ្ណសម្គាល់ខ្លួន ព្រមទាំងការណែនាំពាក់ព័ន្ធនឹងការចូលរួម និងការបំពេញបេសកកម្ម។ ចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស កម្ពុជាក៏បានរៀបចំយន្តការសម្របសម្រួលពាក់ព័ន្ធនឹងឧបករណ៍សារព័ត៌មាន និងការចូលមកបំពេញបេសកកម្មនៅកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា កម្ពុជាបានរៀបចំមជ្ឈមណ្ឌលសារព័ត៌មាន ដែលនឹងដំណើរការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបម្រើការងារដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ មជ្ឈមណ្ឌលនេះនឹងមានកន្លែងធ្វើការសម្រាប់អ្នកសារព័ត៌មាន បន្ទប់សន្និសីទសារព័ត៌មាន សេវាអ៉ីនធឺណិត និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងសេវាចាំបាច់ផ្សេងៗ សម្រាប់ការផ្សាយព័ត៌មាន។

ដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ ក៏បានការរៀបចំឱ្យមានការជួបជុំក្រុមអ្នកបច្ចេកវិទ្យា និងភូមិហ្វ្រង់កូហ្វូនី ដែលបណ្តុំទៅដោយវប្បធម៌ចម្រុះរបស់បណ្តាប្រទេសនិយាយភាសាបារាំង។

ការត្រៀមរៀបចំទាំងនេះ គឺជាផ្នែកសំខាន់មួយនៃការងាររបស់អនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ក្នុងការធានាឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ អាចបំពេញបេសកកម្មបានយ៉ាងរលូន និងទទួលបានព័ត៌មានគ្រប់គ្រាន់ សម្រាប់ផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ទៅកាន់សាធារណជននៅកម្ពុជា និងអន្តរជាតិ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី៕