ផ្ទះវប្បធម៌រុស្ស៉ី ផ្សព្វផ្សាយឱកាសសិក្សានៅប្រទេសរុស្ស៉ី ដល់និស្សិតវិទ្យាស្ថានពហុបច្ចេកទេសតំបន់ តេជោសែន កំពត
02-10-2026 11:44
(ភ្នំពេញ)៖ ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំវិទ្យាស្ថានពហុបច្ចេកទេសតំបន់ តេជោសែន កំពត និងតំណាង មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី» ប្រចាំរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការផ្លាស់ប្តូរការសិក្សារវាងគ្រឹះស្ថានសិក្សា។
លោកស្រី Irina Tsatsulina នាយិការមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី បានលើកឡើងថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថា ជំនួបពិភាក្សាការងារនាពេលនេះ នឹងក្លាយជាការចាប់ផ្តើមនៃចំណងមិត្តភាពដ៏យូរអង្វែង និងប្រកបដោយផ្លែផ្កា។ យើងក៏រំពឹងដែរថា និស្សិតរបស់វិទ្យាស្ថាននឹងចូលរួមយ៉ាងសកម្មនៅក្នុងគម្រោង "សិក្សានៅប្រទេសរុស្ស៊ី" (Study in Russia)»។
វិទ្យាស្ថានពហុបច្ចេកទេសតំបន់ តេជោសែន កំពត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នមាននិស្សិតកំពុងសិក្សារាប់ពាន់នាក់លើជំនាញចម្រុះដូចជា៖ អគ្គិសនី, មេកានិក, សំណង់, គ្រប់គ្រងផលិតកម្ម, វិទ្យាសាស្ត្រកុំព្យូទ័រ, សេដ្ឋកិច្ច និងភាសាបរទេស។ វិទ្យាស្ថានផ្តល់ការបណ្តុះបណ្តាលើ៥កម្រិតសិក្សា រួមមាន ថ្នាក់ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (កម្រិត C1, C2, C3) សញ្ញាបត្របរិញ្ញាបត្ររងបច្ចេកទេស សញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា ថ្នាក់បរិញ្ញាបត្រ វគ្គបណ្តុះបណ្តាលខ្លីៗ ផងដែរ។
ក្នុងឱកាសនោះដែរ លោក នាក់ ណាន នាយករងវិទ្យាស្ថាន បានដឹកនាំប្រតិភូអញ្ជើញទស្សនាក្នុងបរិវេណវិទ្យាស្ថាន ដោយបានណែនាំជួបនិស្សិត ពិនិត្យមើលថ្នាក់រៀន និងរោងជាងអនុវត្តជាក់ស្តែង ដែលជាកន្លែងសិស្ស-និស្សិតក្រេបយកចំណេះដឹង និងបណ្តុះជំនាញបច្ចេកទេស។
ជាលទ្ធផលនៃការពិភាក្សា ភាគីទាំងពីរបានព្រមព្រៀងបង្កើតក្រុមការងារទ្វេភាគី ដើម្បីសម្របសម្រួល និងរៀបចំផែនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រួមគ្នានៅពេលខាងមុខ៕








