FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការចាប់ផ្ដើមទទួលពាក្យបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦ នៅខេត្តបាត់ដំបង

02-10-2026 11:26

(បាត់ដំបង)៖ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការកាតព្វកិច្ចយោធាខេត្ដបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងាររួមមាន លោកមេបញ្ជាការរង ប្រធានមន្ទីរ នាយ នាយរងការិយាល័យ សរុបចំនួន១៣នាក់ ចុះត្រួតពិនិត្យដោយផ្ទាល់នូវការចាប់ផ្ដើមអនុវត្តការងារទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា តាមបណ្ដាក្រុង/ស្រុកនានា ក្នុងខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី បានកោតសរសើរចំពោះប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ដែលបានស្ម័គ្រចិត្តមកបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា។

សកម្មភាពនេះបានបង្ហាញពីស្មារតីស្នេហាជាតិ និងការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកការពារជាតិ មាតុភូមិ និងបម្រើប្រជាជន។

លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់ដល់បេក្ខជនទាំងអស់ ដើម្បីធានាថាដំណើរការទទួលពាក្យប្រព្រឹត្តទៅដោយរលូន តម្លាភាព និងស្របតាមនីតិវិធីច្បាប់ជាធរមាន។

ការបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ពលរដ្ឋគ្រប់រូប ដើម្បីរួមចំណែកពង្រឹងកម្លាំងការពារជាតិ និងរក្សាសន្តិភាពជូនប្រទេសជាតិ។