FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

02-10-2026 10:49

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ ជូនលោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ក្នុងនាមព្រឹទ្ធសភា និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋកូរ៉េ។

បរិវត្តកម្មគួរឱ្យកត់សម្គាល់របស់សាធារណរដ្ឋកូរ៉េ ពី «អច្ឆរិយហេតុដងទន្លេហាន» រហូតមកដល់ឋានៈបច្ចុប្បន្ន ជាមហាអំណាចបច្ចេកវិទ្យា និងនវានុវត្តន៍សកលលោក បានក្លាយជាការជំរុញទឹកចិត្ត សម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងជាគំរូ សម្រាប់ភាពជោគជ័យផ្នែកសេដ្ឋកិច្ច។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមសាធារណរដ្ឋកូរ៉េ នឹងបន្តលើកកម្ពស់ការអភិវឌ្ឍជាតិកាន់តែខ្ពស់បន្ថែមទៀត ខណៈរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់ និងពិភពលោក។

ខណៈដែលប្រទេសយើងទាំងពីរទន្ទឹងរង់ចាំខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេសទាំងពីរនៅឆ្នាំ២០២៧ខាងមុខនេះ ខ្ញុំសូមអះអាងសាជាថ្មីនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសយើងទាំងពីរ ដើម្បីឧត្តមប្រយោជន៍នៃ ប្រជាជនយើងទាំងពីរ។

ជាថ្មីទៀត សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្តទទួលបាននូវសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម ព្រមទាំងជូនពរប្រជាជននៃ សាធារណរដ្ឋកូរ៉េ ទទួលបាននូវសុភមង្គល និងសេចក្តីចម្រុងចម្រើន»៕