FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃដំបូង នៃការចែកពាក្យចូលបំពេញកាតកិច្ចយោធា មានយុវជនមកស្នើសុំពាក្យប្រមាណ៣៥ភាគរយ នៃតម្រូវការរបស់ក្រសួងការពារជាតិ, យុវជនមានឆន្ទៈមោះមុត និងឧត្តមគតិខ្ពស់

02-10-2026 10:07

(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូង នៃការចែកពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា មានយុវជនមកស្នើសុំពាក្យប្រមាណ៣៥ភាគរយ នៃសេចក្ដីត្រូវការរួមរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក្រសួងការពារជាតិ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ភួង ស៉ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

បើតាមនាយឧត្តមសេនីយ៍ ភួង ស៉ីផាន, ថ្ងៃដំបូង នៃការចាប់ផ្តើមអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តជាប្រវត្តិសាស្រ្ត ដោយមោទនភាពបំផុតឃើញថា ទឹកចិត្តយុវជនប្រកបដោយឆន្ទៈមោះមុត និងឧត្តមគតិ បានមកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចដោយស្ម័គ្រចិត្តប្រហែល៣៥ភាគរយ នៃសេចក្តីត្រូវការរួម ហើយយើងជឿជាក់យ៉ាងមុតមាំថា យុវជននៅថ្ងៃបន្តបន្ទាប់ នឹងបានមកទទួលពាក្យនេះ នឹងមានចំនួនកាន់តែច្រើនឡើង។

សូមជម្រាបថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទី២ នៃការចាប់ផ្ដើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

* ទទួលពាក្យ៖ ថ្ងៃទី១-៩ ខែតុលា ឆ្នាំ២០២៦
* ដាក់ពាក្យ៖ ថ្ងៃទី១០-១៥ ខែតុលា ឆ្នាំ២០២៦៕