FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

02-10-2026 09:54

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ ជូនលោក Cho Jeong-sik ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម រដ្ឋសភា និងប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដ៏រីករាយនៃទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ។

ការអភិវឌ្ឍគួរកត់សម្គាល់របស់សាធារណរដ្ឋកូរ៉េ ទៅជាប្រទេសនាំមុខក្នុងពិភពលោក ក្នុងវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវេជ្ជសាស្ត្រ មិនត្រឹមតែផ្តល់ប្រយោជន៍ដ៏ធំធេង សម្រាប់ជាតិកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃតំបន់ទាំងមូលផងដែរ។ សមិទ្ធផលដែលគួរឱ្យកោតសរសើរនេះ ឆ្លុះបញ្ចាំងនូវទស្សនវិស័យ និងការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់ ថ្នាក់ដឹកនាំកូរ៉េ ក៏ដូចជាការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស និងអភិបាលកិច្ចល្អផងដែរ។

កម្ពុជាជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបន្តរីកចម្រើននៃទំនាក់ ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបន្តប្តេជ្ញាលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្ររវាងប្រទេសយើងទាំងពីរ ដើម្បីអត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ។ ខណៈដែលយើងនឹងឈានដល់ខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ នៃប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការធ្វើការជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសភា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងពីរ និងដើម្បីគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោក។

ជាថ្មីទៀត សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្តទទួលបាននូវសុខភាពល្អ និងជោគជ័យលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ព្រមទាំងជូនពរ ប្រជាជន នៃសាធារណរដ្ឋកូរ៉េ ទទួលបាននូវសុភមង្គល និងភាពចម្រុងចម្រើន»៕