ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងមកដល់ទឹកដីកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយ:ពេល២ថ្ងៃ
01-10-2026 22:00
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី បានយាងមកដល់ទឹកដីកម្ពុជាហើយ ដើម្បីមកបំពេញទស្សនកិច្ច២ថ្ងៃនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ បានស្វាគមន៍ដ៏កក់ក្តៅពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងគណៈប្រតិភូ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា។
ការយាងរបស់ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា បានធ្វើឡើងរយៈពេល២ថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦ ដោយនៅថ្ងៃទី២តុលា ម្ចាស់ក្សត្រី នឹងយាងទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដែលទទួលស្វាគមន៍ដោយផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសមានជំនួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ជាចម្បង។
បើតាមការគ្រោងទុកក្នុងឱកាសយាងទស្សនកិច្ចនៅកម្ពុជា ក្រៅពីបញ្ចប់ទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណាយាងទស្សនកិច្ច និងជួបសំណេះសំណាលជាមួយអ្នកផ្ទុកមេរោគអេដស៍ នៅមន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែផងដែរ។
សូមជម្រាបថាការយាងដំណើរទស្សនកិច្ចរបស់ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី គឺជាចំណែកដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ការចែករំលែកបទពិសោធន៍សិក្សា និងស្វែងយល់ពីវឌ្ឍនភាព នៃការងារសមាគមជាតិនីមួយៗ ព្រមទាំងការអនុវត្តសកម្មភាពនៅមូលដ្ឋាន ដើម្បីពង្រឹងភាពធន់ក្នុងសហគមន៍ ស្របតាមយុទ្ធសាស្ត្រសហព័ន្ធអន្តរជាតិ៕




























