បណ្ឌិត កៅ ថាច នាំយកអំណោយចុះសួរសុខទុក្ខ និងចែកជូនពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ និងជំរុញការបង្កើតមុខរបររកប្រាក់ចំណូល
01-10-2026 21:49
(ព្រះវិហារ)៖ លោកបណ្ឌិត កៅ ថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹក ស្ថិតនៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងលើកឡើងពីការយកចិត្តទុកដាក់លើជីវភាព និងការបង្កើតមុខរបរ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានការងារ និងប្រភពចំណូលសមរម្យ។
ពិធីនេះមានការចូលរួមពីលោក មិន ស៊ីថា អភិបាលស្ដីទីខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោជាច្រើនរូប។
ក្នុងឱកាសនោះលោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកភូមិតាកឹងបៃតង គឺជាប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាន ដោយសារលំនៅឋានរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហមក្នុងនោះមួយចំនួនទៀតជាអតីតយុទ្ធជនផងដែរ។ ក្នុងនោះ រាជរដ្ឋាភិបាលក្រោមអនុសាសន៍ណែនាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានផ្តល់ជម្រក និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ក្រៅពីការរៀបចំទីលំនៅឱ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅសមរម្យ ការយកចិត្តទុកដាក់លើជីវភាព និងមុខរបរ ក៏ជាកិច្ចការសំខាន់ដែលត្រូវគិតគូរផងដែរ។ ដោយហេតុនេះ ក្នុងនាមជាអ្នកទទួលបន្ទុកលើការងារលើកស្ទួយជីវភាពប្រជាពលរដ្ឋជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ លោកនឹងរៀបចំគម្រោងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើតការងារ និងប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនេះ។ គម្រោងដែលគ្រោងជំរុញរួមមាន វារីវប្បកម្ម ការចិញ្ចឹមមាន់-ទា សម្រាប់យកពង និងសាច់ ការចិញ្ចឹមគោ ការដាំបន្លែសុវត្ថិភាព និងការកែច្នៃផលិតផលកសិកម្ម។
ជាមួយគ្នានេះលោកបណ្ឌិត កៅ ថាច បានអំពាវនាវដល់ប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ឱ្យចូលរួមជាកម្លាំងជាមួយគម្រោងខាងលើ ដើម្បីទទួលបានឱកាសការងារ បង្កើតប្រភពចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។
គួរបញ្ជាក់ថា ភូមិតាកឹងបៃតង គឺជាភូមិថ្មីមួយដែលត្រូវបានរៀបចំឡើងសម្រាប់ប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងតំបន់ក្រហមចំនួន៣ភូមិ រួមមាន ភូមិមរកត (មុំបី) ភូមិអានសេះ និងភូមិបុស្សស្បូវនៃស្រុកជាំក្សាន្ត៕















