សាលាដំបូងខេត្តព្រះសីហនុចេញដឺការឃុំខ្លួនជនជាតិឥណ្ឌូណេស៊ី១២នាក់ដាក់ពន្ធនាគារ ក្រោយកម្លាំងអាវុធហត្ថបង្ក្រាបពាក់ព័ន្ធបទល្មើសឆបោកតាប្រព័ន្ធបច្ចេកវិទ្យា (Online Scam)
01-10-2026 19:21
(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចេញដឺការសម្រេចឃុំខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន១២នាក់ដាក់ពន្ធនាគារ ក្រោយកម្លាំងអាវុធហត្ថបង្ក្រាបពាក់ព័ន្ធបទល្មើសឆបោកតាប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ក្រោយតុលាការចេញដឺការឃុំខ្លួន កម្លាំងអាវុធហត្ថបានបញ្ជូនជនជាតិឥណ្ឌូណេស៊ីទាំង១២នេះទៅកាន់ពន្ធនាគារខេត្តព្រះសីហនុ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយផ្ទាលពីលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ជនជាតិឥណ្ឌូណេស៊ី ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើង ក្រោមការដឹកនាំចង្អុលបង្ហាញ
ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ក្នុងនោះកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ កំព្យូទ័រលើតុ (ALL IN ONE) ចំនួន១៣គ្រឿង
,ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន១៩គ្រឿ, -ទូរសព្ទដៃ Online ចំនួន២៨គ្រឿង, ស៊ីមកាត ចំនួន៥២សន្លឹក, លិខិតឆ្លងដែន ចំនួន៨ក្បាល, បណ្ណ័ការងារ ចំនួន២សន្លឹក, អត្តសញ្ញាណប័ណ្ណ ចំនួន២សន្លឹក
កាតធនាគារ ចំនួន២សន្លឹក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ៕





