កម្ពុជា គូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការពង្រឹងសាមគ្គីភាពសង្គម និងកិច្ចសន្ទនាអន្តរវប្បធម៌ ក្នុងវេទិកា CICA នៅអាស៊ែបៃហ្សង់
01-10-2026 16:37
(បាគូ-អាស៊ែបៃហ្សង់)៖ តំណាងក្រសួងព័ត៌មានកម្ពុជា បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការកសាងសាមគ្គីភាពសង្គម និងការជំរុញកិច្ចសន្ទនាអន្តរវប្បធម៌ នៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយ CICA លើកទី១ ក្រោមមូលបទ «ការកសាងទំនុកចិត្តតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងពិភពលោកដែលមានការបែកបាក់» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។
លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលនៃវេទិកាខាងលើ ក្នុងនាមជាតំណាងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញអំពីគោលជំហររបស់កម្ពុជាថា សាមគ្គីភាពសង្គមអាចរីកចម្រើនទៅបាន លុះត្រាតែប្រជាពលរដ្ឋទទួលបានព័ត៌មានពិត មានគុណភាព និងអាចទុកចិត្តបាន។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមបានរំលេចនូវតួនាទីជាយុទ្ធសាស្ត្រចំនួន ៣ របស់ប្រព័ន្ធផ្សព្វផ្សាយ រួមមាន៖
ទី១៖ ការឆ្លុះបញ្ចាំងប្រកបដោយភាពយុត្តិធម៌ និងសុក្រឹតភាព៖ ការផ្តល់សំឡេងដល់ភាគីពាក់ព័ន្ធទាំងអស់ និងការផ្តល់បរិបទគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការយកហេតុការណ៍ដាច់ដោយឡែកណាមួយ ទៅវាយតម្លៃ ឬកំណត់លក្ខណៈសហគមន៍ទាំងមូល។
ទី២៖ ការបញ្ជ្រាបកិច្ចសន្ទនាអន្តរវប្បធម៌ទៅក្នុងជីវភាពប្រចាំថ្ងៃ៖ ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកិច្ចសហការ នៅតាមសាលារៀន កន្លែងធ្វើការ និងសហគមន៍ ព្រមទាំងការជំរុញឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍រវាងអ្នកសារព័ត៌មាន និងការផលិតមាតិការួមគ្នា។
ទី៣៖ ការផ្តល់លំហសម្រាប់ការពិភាក្សាដោះស្រាយបញ្ហានៃភាពខុសគ្នា ក្នុងន័យស្ថាបនា៖ ការអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរមតិខុសៗគ្នា ដោយឈរលើមូលដ្ឋានព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងការគោរពគ្នាទៅវិញទៅមក។ ក្នុងចំណុចនេះ ឯកឧត្តមបានគូសបញ្ជាក់ថា «សាមគ្គីភាពសង្គម មិនមែនមានន័យថាមនុស្សគ្រប់គ្នាត្រូវតែមានទស្សនៈដូចគ្នានោះទេ ប៉ុន្តែត្រូវមានមូលដ្ឋានរួមសម្រាប់កិច្ចសន្ទនា និងការយោគយល់គ្នា»។
ពាក់ព័ន្ធនឹងបរិយាកាសឌីជីថលនាពេលបច្ចុប្បន្ន កម្ពុជាបានចង្អុលបង្ហាញថា ទោះបីជាបណ្ដាញសង្គម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានបើកទូលាយនូវឱកាសទំនាក់ទំនង និងការយល់ដឹងពីវប្បធម៌ក៏ដោយ ប៉ុន្តែវាក៏បានធ្វើឱ្យព័ត៌មានបំភាន់ និងខ្លឹមសារកែច្នៃរីករាលដាលយ៉ាងឆាប់រហ័សផងដែរ។ ដើម្បដោះស្រាយបញ្ហានេះ ការលើកកម្ពស់ចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (Information and Media Literacy) គឺជាកត្តាចាំបាច់បំផុត ដើម្បីជួយឱ្យប្រជាពលរដ្ឋចេះពិនិត្យប្រភព ភស្តុតាង និងបរិបទច្បាស់លាស់មុននឹងចែករំលែក។
តាមរយៈវេទិកាអន្តរជាតិនេះ កម្ពុជាបានចែករំលែកបទពិសោធន៍ជោគជ័យចេញពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ព្រមទាំងប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិក CICA លើការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការផ្ទៀងផ្ទាត់ព័ត៌មាន ការអប់រំផ្នែកព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដោយការប្រុងប្រយ័ត្ន។ កម្ពុជាប្ដេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាជិក CICA ដើម្បីពង្រឹងទំនុកចិត្ត និងការរួបរួមគ្នាប្រកបដោយសុខដុមនីយកម្ម។
គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះត្រូវបានសម្របសម្រួលដោយ លោកស្រី Shafag Mehraliyeva សមាជិកមហាវិទ្យាល័យនៃសាកលវិទ្យាល័យ ADA ដោយមានការអញ្ជើញចូលរួមពីវាគ្មិនជាន់ខ្ពស់មកពីបណ្តាប្រទេសជាច្រើន រួមមាន កម្ពុជា តំណាងដោយលោក ប្រាក់ ថាវអមិដា (អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន) ប៉ាគីស្ថាន លោកស្រី Wajiha Qamar (រដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកអប់រំសហព័ន្ធ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ) អ៊ូសបេគីស្ថាន លោក Kobuljon Akhmedov (នាយកមជ្ឈមណ្ឌលផលិតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ) កាហ្សាក់ស្ថាន លោក Kanat Iskakov (អនុរដ្ឋមន្ត្រីទី១ ក្រសួងវប្បធម៌ និងព័ត៌មាន) ហ្ស៊កដានី លោកវេជ្ជបណ្ឌិត Zaid Al-Nawaiseh (អគ្គលេខាធិការក្រសួងទំនាក់ទំនងរដ្ឋាភិបាល) និងកៀហ្ស៊ីស៊ីស្ថាន លោកស្រី Salkyn Sarnogoeva (អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ ព័ត៌មាន និងគោលនយោបាយយុវជន)៕










