FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌបឹងកេងកង

01-10-2026 16:35

(ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ត្រូវបានរៀបចំធ្វើឡើងនៅមូលដ្ឋានខណ្ឌបឹងកេងកង នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ប៊ី ប្រេម សមាជិកក្រុមប្រឹក្សាតំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត៥០០នាក់។

តំណាងប្រជាពលរដ្ឋ នៅខណ្ឌបឹងកេងកង បានលើកឡើងថា ក្រោយក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការ ស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពជាច្រើនខ្សែរួចមក នៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ឃើញថា មានប្រសិទ្ធភាព ពោលគឺទឹកភ្លៀងបានហូរអស់លឿនខុសពីពេលកន្លងទៅ ដែលធ្វើឱ្យពលរដ្ឋលែងព្រួយបារម្ភពីការលិចលង់ និងអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយកង្វល់មួយនេះ។

ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការ ជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទី៥ នៅកណ្តាលក្រុង ហើយសកម្មភាពនេះទទួលបានការអរគុណ និងសារទរពីប្រជាពលរដ្ឋយ៉ាងខ្លាំង។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងវេទិកាថ្ងៃនេះ ប្រជាពលរដ្ឋមិនបានលើកឡើងជាសំណើរ សំណូមពរមកអាជ្ញាធរ និងកងកម្លាំងយើងឱ្យជួយដោះស្រាយនោះទេ។ នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់យើងពិតជាបានអនុវត្តការងារ បម្រើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងហើយ។

លោក ប៊ី ប្រេម បានលើកឡើងដែរថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចោរកម្ម ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង, ការអភិវឌ្ឍមូលដ្ឋាន, សុខមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន, ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ៕